លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញបានពិភាក្សាជាមួយសមាជិកសភាសំខាន់ៗមួយចំនួន អំពីគោលនយោបាយអន្តោប្រវេសន៍ ប៉ុន្តែមិនមានដំណោះស្រាយពាក់ព័ន្ធនឹងការការពារជនអន្តោប្រវេសន៍ក្មេងៗរាប់ពាន់នាក់ ដែលត្រូវគេចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតខ្លួនវិញនោះទេ។ កិច្ចពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍នៅឯសេតវិមាន ធ្វើឡើងនៅខណៈដែលលោក Trump និងសភាកំពុងប្រឈមនឹងថ្ងៃកំណត់ត្រឹមថ្ងៃទី១៩ ខែមករា ដើម្បីអនុម័តលើថវិកាចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិករហូតដល់ចុងខែកញ្ញា បន្ទាប់ពីពួកគេបានអនុម័តលើគម្រោងថវិការចំណាយជាបណ្តោះអាសន្នចំនួនបីដងរួចមកហើយនោះ។
កាលពីឆ្នាំមុន លោក Trump បានបញ្ឈប់កម្មវិធីដែលគាំទ្រដោយលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ដែលកម្មវិធីនោះបានការពារជនអន្តោប្រវេសន៍ចំនួន៦សែន៩ម៉ឺននាក់ពីការចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមកំណើតវិញ ដែលពួកគេទាំងនោះត្រូវបានឪពុកម្តាយរបស់គេយកមកសហរដ្ឋអាមេរិកដោយខុសច្បាប់។ លោកTrump បានទុកពេលឲ្យសភារហូតដល់ថ្ងៃទី៥ ខែមីនា ដើម្បីដោះស្រាយបញ្ហានេះ។
ក៏ប៉ុន្តែជាជាងរង់ចាំរហូតដល់ការបោះឆ្នោតដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរខែទៀតនោះ ដើម្បីសម្រេចទៅលើច្បាប់ការពារជនអន្តោប្រវេសន៍នៅក្នុងប្រទេស ក្រោមកម្មវិធីការចូលមកក្នុងសហរដ្ឋអាមេរិកនៅវ័យក្មេង ឬហៅកាត់ថា DACAនោះ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យកំពុងជំរុញឲ្យដោះស្រាយបញ្ហានេះ នៅអំឡុងពេលកិច្ចពិភាក្សាអំពីគម្រោងថវិការចាយវាយនេះ៕