មេដឹកនាំនានាមកពីជុំវិញពិភពលោកចូលរួមជាមួយគ្នានៅថ្ងៃព្រហស្បតិ៍នេះនៅឯឆ្នេរសមុទ្រនៃតំបន់ Normandy ប្រទេសបារាំង ដើម្បីប្រារព្ធខួបទី ៧៥ នៃថ្ងៃ D-Day។ ថ្ងៃ D-Day នេះគឺជា ថ្ងៃរំឭកដល់មហាប្រតិបត្តិការពង្រាយទ័ពតាមផ្លូវសមុទ្រនៅតំបន់ Normandy ដែលឈានទៅដល់ការចុះចាញ់របស់ពួក Nazi អាល្លឺម៉ង់ និងនៅទីបំផុតឈានដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានចូលរួមនៅក្នុងពិធីនេះនៅឯទីបញ្ចុះសព Normandy American Cemetery នៅស្រុក Colleville-sur-Mer ដែលនៅទីនោះ ទាហានអាមេរិកាំងជាង ៩ ពាន់នាក់ ត្រូវបានបញ្ចុះ។
លោក Trump និងលោក Macron បានសរសើរអតីតនាយទាហាននានា និងបញ្ជាក់អំពីស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសម្ព័ន្ធមិត្តទាំងអស់។
លោក Macron បានផ្ដល់កិត្តិយសដល់អ្នកដែលបានពលីជីវិត និងដែលបានវាយប្រយុទ្ធដើម្បីរំដោះប្រទេសបារាំង ដោយលោកបាននិយាយថា ប្រតិបត្តិការថ្ងៃ D-Day បានផ្លាស់ប្ដូរអនាគតរបស់ទ្វីបអឺរ៉ុប និងអនាគតពិភពលោក។
លោក Macron បញ្ជាក់ដូច្នេះថា៖ «អតីតនាយទាហាន! ពួកយើងដឹងថា ពួកយើងជំពាក់គុណអ្នកដែលបានប្រយុទ្ធដើម្បីសេរីភាពរបស់ពួកយើង។ តាងនាមឲ្យប្រទេសជាតិរបស់ខ្ញុំ ខ្ញុំចង់និយាយថា អរគុណអ្នក!»។
បន្ទាប់ពីបានថ្លែងដូច្នេះរួចមក លោក Macron បានប្រគល់រង្វាន់កិត្តិយសដ៏អស្ចារ្យជូនដល់អតីតទាហានអាមេរិកាំង ៥ នាក់។
ចំណែកឯលោក Trump វិញ លោកបានថ្លែងសុន្ទរកថាផ្ដល់កិត្តិយសដល់អ្នកដែលបាន «ពលីជីវិតរបស់ពួកគេដើម្បីមិត្តភ័ក្ដិ ដើម្បីប្រទេសជាតិ និងដើម្បីការរស់រាននៃសេរីភាព»។
លោក Trump បញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះ យើងរំឭកដល់អ្នកដែលបានស្លាប់ ហើយយើងផ្ដល់កិត្តិយសដល់អ្នកដែលបានវាយប្រយុទ្ធទាំងអស់នៅទីនេះនៅក្នុងតំបន់ Normandy។ ពួកគេប្រយុទ្ធឈ្នះដើម្បីអរិយធម៌»។
លោក Trump បានបន្ថែមថា៖ «ជូនចំពោះមិត្តភ័ក្ដិ និងដៃគូនានារបស់សហរដ្ឋអាមេរិក សម្ព័ន្ធភាពដ៏ខ្ពង់ខ្ពស់របស់យើងត្រូវបានបង្កើតឡើងនៅក្នុងកម្ដៅនៃសមរភូមិប្រយុទ្ធ ត្រូវបានសាកល្បងនៅក្នុងស្ថានភាពឈឺចាប់នៃសង្គ្រាម និងត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងពរជ័យនៃសន្តិភាព។ ទំនាក់ទំនងដ៏ស្អិតល្មួតរបស់យើងគឺមិនអាចបំបែកបាននោះទេ»៕