ប្រធានាធិបតីសហរដ្ឋអាមេរិកចេញពីតំណែងលោក Donald Trump បានចេញការលើកលែងទោសដល់មនុស្ស៧៣នាក់ ហើយបន្ធូរបន្ថយទោសដល់មនុស្ស៧០នាក់ផ្សេងទៀត។ នេះតាមការប្រកាសរបស់សេតវិមាននៅព្រឹកថ្ងៃពុធនេះ តែប៉ុន្មានម៉ោងមុនពេលបញ្ចប់អាណត្តិរបស់លោក។
ការលើកលែងទោសទាំងនេះ រួមមានចំពោះលោក Steve Bannon អតីតអ្នកចាត់ចែងយុទ្ធនាការឃោសនានិងជាទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump ផងដែរ ដែលត្រូវបានចោទប្រកាន់ពីការលួចបន្លំប្រាក់របស់អ្នកវិនិយោគទុនរាប់ពាន់នាក់ ដែលជឿថា ពួកគេបានផ្តល់ប្រាក់ទៅឲ្យគម្រោងសម្រាប់ស្ថាបនាជញ្ជាំងនៅតាមបណ្តោយព្រំដែនខាងត្បូងរបស់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ រដ្ឋអាជ្ញា បានចោទប្រកាន់លោក Bannon ថា បានប្រើប្រាក់ជាងមួយលានដុល្លារដើម្បីឲ្យមន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតម្នាក់ និងចំណាយផ្ទាល់ខ្លួនលោក។
អ្នកដែលបានទទួលការលើកលែងទោសនោះដែរ គឺលោក Elliot Broidy អតីតអ្នករៃអង្គាសប្រាក់សម្រាប់លោក Trump ដែលបានសារភាពទទួលទោសកាលពីឆ្នាំទៅចំពោះការរំលោភច្បាប់គ្រប់គ្រងការបញ្ចុះបញ្ចូលឲ្យប្រយោជន៍បរទេស។
ក៏ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការលើកលែងទោសចុងក្រោយរបស់លោក Trump មិនបានរួមបញ្ចូលខ្លួនលោក សមាជិកក្រុមគ្រួសាររបស់លោក ឬលោក Rudy Giuliani ដែលជាមេធាវីរបស់លោកទេ៕