គិតត្រឹមព្រឹកថ្ងៃអង្គារ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់នៅក្នុងសហរដ្ឋអាមេរិកដោយសារមេរោគកូរ៉ូណាថ្មី ឬ COVID-19 និងជាង ១០០ នាក់ បានឆ្លងមេរោគនេះ។
កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជួបជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនឱសថសាស្ត្រនានា និងបានស្នើពួកគេឲ្យបង្កើនល្បឿនផលិតវ៉ាក់សាំង និងស្វែងរកវិធីព្យាបាលដើម្បីព្យាបាលអ្នកជំងឺ COVID-19។
លោក Trump ថ្លែងដូច្នេះថា៖ «វាអាចទៅរួចដែលថាវិធីព្យាបាលមេរោគនេះនឹងអាចរកឃើញមុនពេលផលិតវ៉ាក់សាំង ហើយយើងនឹងចែកចាយវិធីព្យាបាលដ៏មានប្រសិទ្ធភាពទាំងនោះទៅកាន់ទីផ្សារកាន់តែឆាប់តាមតែអាចធ្វើទៅបាន»។
ការពិសោធន៍ប្រើវិធីព្យាបាលលើអ្នកជំងឺអាចនឹងចាប់ផ្ដើមនៅដើមខែមេសាខាងមុខ ប៉ុន្តែវាអាចចំណាយពេលយ៉ាងតិចមួយឆ្នាំ និងថវិកាជាច្រើន ដើម្បីផលិតបាននូវវ៉ាក់សាំងដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពបាន។
លោក William Schaffner សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្របង្ការរោគ នៃសាកលវិទ្យាល័យ Vanderbilt នៅរដ្ឋ Tennessee និយាយថា៖ «មើលទៅរដ្ឋាភិបាលត្រូវតែតាំងចិត្តទិញវ៉ាក់សាំងនោះក្នុងកម្រិតមួយចំនួនជាមុន មុនពេលដែលវាចាប់ផ្ដើមមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនបន្តទិញ និងបង្កើតនូវដំណើរការផលិត»។
លោក Trump បានសន្យាថានឹងកាត់បន្ថយនីតិវិធីស្មុគស្មាញបែបការិយាធិបតេ្យសម្រាប់ក្រុមហ៊ុននានាដែលប្រឹងប្រែងស្វែងរកវិធីព្យាបាលជំងឺ COVID-19 នេះ ប៉ុន្តែលោកមិនបានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងជួយជាថវិកាណាមួយទេ។
លោក Trump បញ្ជាក់ដូច្នេះថា៖ «ខ្ញុំស្គាល់ក្រុមហ៊ុនទាំងនោះច្បាស់ណាស់។ ក្រុមហ៊ុនមួយចំនួនមានថវិកាច្រើនណាស់។ ខ្ញុំគិតថា ពួកគេអាចផ្ដល់កម្ចីដល់រដ្ឋាភិបាលសហព័ន្ធបាន»។
លោក Trump ក៏កំពុងពិចារណាផងដែរនូវការដាក់កំហិតការធ្វើដំណើរលើប្រទេសមួយចំនួនបន្ថែមទៀត ក៏ដូចជាបិទព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។ ដោយសារតែការឆ្លងមេរោគនេះភាគច្រើននៅក្នុងសហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងការធ្វើដំណើរ អ្នកជំនាញនានាហាក់មិនគាំទ្រវិធានការដែលលោក Trump កំពុងពិចារណាទាំងនេះ និងជំនួសមកវិញ គាំទ្រឲ្យមានការធ្វើតេស្តបន្ថែមទៀតដើម្បីរកអ្នកឆ្លងមេរោគនេះ។
អ្នកស្រីសាស្ត្រាចារ្យ Jennifer Nuzzo ដែលជាអ្នកជំនាញផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលសុវត្ថិភាពផ្នែកសុខភាពនៃសាកលវិទ្យាល័យ Johns Hopkins បញ្ជាក់ដូច្នេះថា៖ «តាមពិត អ្នកខ្លះមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែធ្វើតេស្តទៅឃើញមានឆ្លងមេរោគនេះ។ គេនៅមិនទាន់ច្បាស់ទេថាតើអ្នកទាំងនោះនឹងចេញរោគសញ្ញានៅពេលបន្ទាប់ទៀត ឬក៏នឹងចម្លងមេរោគនេះដល់អ្នកដទៃនោះ»។
កន្លងមកមានការរិះគន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រើឧបករណ៍ធ្វើតេស្តរកមេរោគនេះមិនត្រឹមត្រូវ និងកាលពីដំបូងបានកម្រិតចំនួនអ្នកដែលត្រូវធ្វើតេស្ត។
មេរោគ COVID-19 នេះ បានឆ្លងដល់មនុស្សជាង ៩ ម៉ឺននាក់នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង ៣ ពាន់នាក់៕
ប្រែសម្រួលដោយលោក ភី សុភាដា