លោក​ Trump អញ្ជើញ​ប្រធានាធិបតី​ចិននិង​មេដឹកនាំ​ពិភពលោក​ដទៃ​ទៀត​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក

រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump ថតរូបជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងពេលកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុង Osaka ប្រទេសជប៉ុន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump បាន​អញ្ជើញ​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ឱ្យ​ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ថ្ងៃទី​២០ មករា ប៉ុន្តែ​មិនទាន់​ច្បាស់​នៅ​ឡើយ​ថា​មេដឹកនាំ​រូបណា​ខ្លះ​នឹង​ចូលរួម​ក្នុង​ពិធី​ដែល​នឹង​ធ្វើ​ឡើង​នៅ​វិមាន​សភា​អាមេរិកនេះ​នៅ​ឡើយទេ។

អ្នកនាំពាក្យ​ក្រុម​រៀបចំ​ការ​ចូលកាន់តំណែង​របស់​លោក Trump គឺ​អ្នកស្រី Karoline Leavitt បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox News ថា «មិនទាន់​ច្បាស់» ថា​តើ​លោក​ Xi នឹង​ចូលរួម​តាម​ការ​អញ្ជើញ​របស់​លោក Trump ដែល​បាន​អញ្ជើញ​លោក​កាលពី​ដើម​ខែ​វិច្ឆិកា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក Trump បាន​ឈ្នះ​អ្នកស្រី​អនុប្រធានាធិបតី​ Kamala Harris ដើម្បី​កាន់​តំណែង​ក្នុង​សេតវិមាន​នៅ​៤​ឆ្នាំ​ខាង​មុខ​ទៀត។

អ្នកស្រី​មិនបាន​ប្រាប់​ឈ្មោះ​មេដឹកនាំ​ពិភពលោក​ដទៃទៀត​ដែល​ត្រូវបាន​អញ្ជើញ​នោះ ទេ។ ជាទូទៅ​អគ្គរដ្ឋទូត​បរទេស​នានា​ដែលកាន់​តំណែង​នៅរដ្ឋធានី​វ៉ាស៊ីនតោន​និង​មន្ត្រី​ការទូត​ដទៃ​ទៀត​បាន​ធ្វើ​ជា​សាក្សី​នៃ​ការផ្ទេរ​អំណាច​ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក​ប្រកប​ដោយ​សន្តិវិធី ប៉ុន្តែ​មិនមែន​ប្រមុខ​រដ្ឋ​នោះទេ។ កំណត់ត្រា​របស់​ក្រសួង​ការបទេស​តាំងពី​ឆ្នាំ១៨៧៤​បង្ហាញថា មិនដែល​មាន​មេដឹកនាំ​បរទេស​ធ្លាប់​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នោះទេ។

ប៉ុន្តែ​អ្នកស្រី Leavitt បាន​ថ្លែងថាការអញ្ជើញ​មេដឹកនាំ​នានា​មក​ចូលរួម​ក្នុង​ពិធី​ធ្វើ​ឡើង​នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ខាង​ក្រៅ​នៅ​៦សប្តាហ៍​ទៀតគឺជា«ឧទាហរណ៍​មួយ​បង្ហាញ​ថា​លោក​ប្រធានាធិបតី Trump បង្កើត​ការ​សន្ទនា​ជាមួយ​មេដឹកនាំ​ដទៃ​ទៀត​មិនមែនតែជាមួយ​សម្ព័ន្ធមិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែ​សូម្បី​តែ​សត្រូវ​និង​គូប្រជែង​របស់​យើង​ផងដែរ។ លោក Trump សុខចិត្ត​និយាយ​ជាមួយ​គ្រប់​គ្នា ហើយ​លោក​នឹង​តែង​តែ​ដាក់​ប្រយោជន៍​អាមេរិក​មុន​គេ»៕