លោកប្រធានាធិបតីស.រ.អាបានប្តេជ្ញាថានឹងធ្វើការផ្លាស់ប្តូរគោលនយោបាយផ្តល់ជំនួយរបស់ស.រ.អា ដោយព្យួរជំនួយសម្រាប់ប្រទេសណាដែលអនុញាតឲ្យឧក្រិដ្ឋជនលួចចូលមកស.រ.អា។ លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋញូវយ៉ក ដែលជារដ្ឋកំពុងប្រឈមនឹងបញ្ហាក្រុមជនអន្ធពាល។
ក្រុមមន្ត្រី ញូវយ៉កបានរាយការណ៍ជូនលោកត្រាំអំពីដំណើរការជឿនលឿនទៅមុខក្នុងការបង្ក្រាបក្រុមជនអន្ធពាល MS-13។ ក្រុមនេះបានចាប់ផ្តើមដំបូងនៅក្នុងអំឡុងទសវត្សរ៍១៩៨០ ក្នុងទីក្រុង Los Angeles ដោយជនអន្តោប្រវេសន៍មកពីប្រទេសអែលសាល់វ៉ាឌ័រ។
តាំងពីពេលនោះមក ក្រុមនេះបានពង្រីកដោយមានការចូលរួមរបស់ជនជាតិ ហុងឌុយរ៉ាស់ ក្វាតេម៉ាឡា ប្រទេសម៉ិកស៊ិក និងជនជាតិផ្សេងទៀតមកពីបណ្តាទ្វិបអាមេរិកកណ្តាលនិងខាងត្បូង។ បាវចនារបស់ក្រុមអន្ធពាលនេះគឺ «សម្លាប់ ចាប់រំលោភ និង ក្តោបក្តាប់»។
លោកត្រាំបានចាត់ទុកការបង្រ្កាបក្រុមជនអន្ធពាល MS-13 ជាអាទិភាពមួយរបស់លោក។ លោកបានថ្លែងថាលោកមានគំរោងកាត់ប្រាក់ជំនួយយ៉ាងច្រើនពីប្រទេសណាដែលអនុញាតឲ្យឧក្រិដ្ឋជនលួចចូលមកស.រ.អា។
ក្រុមអ្នករិះគន់ថ្លែងថាលោកត្រាំកំពុងប្រើប្រាស់ការភ័យខ្លាចដើម្បីអនុវត្តិផែនការប្រឆាំងនឹងជនអន្តោប្រវេសន៍របស់លោក៕