ប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកមានបំណងចង់ធានាដល់សាធារណជនថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានផុតដំណាក់កាលកំពូលរបស់វាហើយនៅក្នុងសហរដ្ឋអាមេរិក ទោះបីជាមានការរំឭកព្រមានជាបន្តពីសំណាក់មន្ត្រីសុខាភិបាលជាច្រើនក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Doanld Trump បានប្រាប់អ្នកកាសែតកាលពីរសៀលថ្ងៃចន្ទម្សិលមិញថា៖ «យើងកំពុងស្ថិតក្នុងដំណាក់កាលដែលមានការឆ្លងទាប»។
ការកើនឡើងនូវករណីឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ជាទូទៅនៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះ ប៉ុន្តែកន្លែងឆ្លងខ្លាំងថ្មីមួយចំនួនបានលេចឡើង។
កាលពីថ្ងៃចន្ទម្សិលមិញ វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខាភិបាលនៃសាកលវិទ្យាល័យ Washington បានទស្សន៍ទាយថា ចំនួនករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១ ខែតុលាខាងមុខ នឹងកើនដល់ ២០១,១២៩ នាក់។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សអស់ជាង ១១៦,០០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកឆ្លងមានចំនួន ២ លាន ១ សែននាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
លោក Trump បញ្ជាក់ដូច្នេះថា៖ «ប្រសិនបើយើងឈប់ធ្វើតេស្តនៅពេលឥឡូវនេះ យើងនឹងឃើញមានករណីឆ្លងជំងឺនេះតិចតួចបំផុត»៕