ការជ្រើសរើសគណៈវិនិច្ឆ័យតុលាការនឹងចាប់ផ្ដើមនៅថ្ងៃចន្ទនេះនៅក្នុងសវនាការកាត់ទោសនៅរដ្ឋ New York លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលត្រូវបានចោទប្រកាន់ថាបានបន្លំឯកសារអាជីវកម្មដើម្បីលាក់បាំងការបង់លុយបំបិទមាត់តារាភាពយន្តអាសអាភាស។
លោក Trump គឺជាអតីតប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ដែលប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌនិងការអាចជាប់ពន្ធនាគារ ប្រសិនបើលោកត្រូវបានផ្ដន្ទាទោស។
លោក Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដែលគេសន្មតទុកសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះនឹងមើលដំណើរការសវនាការនេះចេញពីតុរបស់ចុងចោទនៅក្នុងសវនាការមួយដែលអាចធ្វើឡើង ៤ ថ្ងៃក្នុងមួយសប្ដាហ៍នៅក្នុងរយៈពេលមួយខែកន្លះខាងមុខ។
លោកអាចដើរតួធ្វើជាសាក្សីផ្ដល់សក្ខីកម្មបានដើម្បីការពារខ្លួនលោកផ្ទាល់ ប្រសិនបើលោកចង់ អាស្រ័យលើថាតើលោកនិងមេធាវីរបស់លោកយល់ឃើញយ៉ាងដូចម្ដេចចំពោះភ័ស្តុតាងរបស់រដ្ឋអាជ្ញា។
លោក Trump ដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកពីដើមឆ្នាំ ២០១៧ ដល់ខែមករាឆ្នាំ ២០២១ បានរិះគន់ម្ដងហើយម្ដងទៀតលើការកាត់ទោសរូបលោកនេះ។ លោកបានរិះគន់រឿងនេះនៅលើបណ្ដាញសង្គមអនឡាញ Truth Social របស់លោកកាលពីសប្ដាហ៍មុនថា៖ «គ្មានរឿងដូចនេះធ្លាប់កើតឡើងនៅក្នុងប្រទេសរបស់យើងពីមុនមកទេ។ នៅថ្ងៃចន្ទ ខ្ញុំនឹងត្រូវគេបង្ខំឱ្យអង្គុយនិងចុកមាត់នៅពីមុខចៅក្រមវង្វេងវង្វាន់គ្មានចិត្តបរិសុទ្ធ ដែលស្អប់គុំកួនខ្ញុំគ្មានដែនកំណត់»។
ចាប់តាំងពីពេលដែលគេតម្រូវឱ្យលោកបង្ហាញខ្លួននៅតុលាការមក សំណុំរឿងនេះអាចនឹងស្ទើរតែធ្វើឱ្យលោកមិនអាចធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្ទាល់យ៉ាងពិតប្រាកដបានសម្រាប់រយៈពេលភាគច្រើន។
លោកកំពុងព្យាយាមដណ្ដើមគ្រប់គ្រងសេតវិមានវិញពីលោកប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យ។ លោក Biden បានយកឈ្នះលើលោក Trump នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ទោះបីជាលោក Trump បានអះអាងទាំងមិនត្រឹមត្រូវមកទល់នឹងពេលនេះថា លោកត្រូវបានគេបន្លំមិនឱ្យកាន់អំណាចជាប្រធានាធិបតី ៤ ឆ្នាំទៀតដោយសារភាពមិនប្រក្រតីនៃការបោះឆ្នោតក៏ដោយ។
លោក Trump រងការចោទប្រកាន់ថាបានលាក់បាំងលុយបំបិទមាត់ចំនួន ១៣០.០០០ ដុល្លារ ដែលលោកបានបង់ឱ្យតារាភាពយន្តអាសអាភាសឈ្មោះ Stormy Daniels ហើយនៅក្នុងសំណុំរឿងទីពីរ បទចោទប្រកាន់នោះបានបញ្ជាក់ថា អតីតតារាម៉ូដែលស្រី Playmate of the Year ឈ្មោះ Karen McDougal ថាខ្លួនធ្លាប់បានស្និទ្ធស្នាលល្អូកល្អើនរាប់ខែជាមួយនឹងលោក Trump និងត្រូវបានកាសែតមួយដែលទិញសិទ្ធិពាក់ព័ន្ធនឹងអត្ថបទចុះផ្សាយអំពីរឿងរ៉ាវរបស់ខ្លួននេះបង់លុយចំនួន ១៥០.០០០ ដុល្លារឱ្យខ្លួន ហើយបន្ទាប់មកបានលុបចោលអត្ថបទនោះតាមការជំរុញរបស់លោក Trump៕