អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley នឹងតទល់គ្នានៅថ្ងៃអង្គារនេះនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ New Hampshire។
លោក Trump សម្លឹងឆ្ពោះទៅរកការឈ្នះជាបន្តទៀត បន្ទាប់ពីបានឈ្នះនៅក្នុងការបោះឆ្នោតបឋមកាលពីសប្ដាហ៍មុននៅក្នុងរដ្ឋ Iowa។ ចំណែកឯអ្នកស្រី Haley វិញព្យាយាមធ្វើយ៉ាងណាឱ្យបានការគាំទ្របន្ថែមទៀតដើម្បីឱ្យបានក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
ការបោះឆ្នោតនៅផ្នែកភាគច្រើននៃរដ្ឋ New Hampshire នេះនឹងបន្តរហូតដល់ពេលល្ងាចថ្ងៃអង្គារនេះទើបបិទបញ្ចប់ ប៉ុន្តែនៅក្នុងក្រុង Dixville Notch ដ៏តូចមួយ អ្នកបោះឆ្នោតបានបោះឆ្នោតតាំងពីពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះម្ល៉េះដោយអ្នកស្រី Haley ទទួលបានប្រតិភូទាំង ៦ នៃក្រុងនេះ។
លទ្ធផលនេះមិនបានឆ្លុះបញ្ចាំងអំពីការស្ទង់មតិមុនការបោះឆ្នោតនៅក្នុងរដ្ឋ New Hampshire នេះទេ ដែលការស្ទង់មតិនោះបានបង្ហាញថា លោក Trumpបាននាំមុខខ្លាំងលើអ្នកស្រី Haley។ លទ្ធផលនៃការស្ទង់មតិរួមគ្នារបស់សាកលវិទ្យាល័យ Suffolk កាសែត Boston Globe និងទូរទស្សន៍ WBTS ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា លោក Trump ទទួលបានការគាំទ្រ ៥៧% ហើយអ្នកស្រី Haley ទទួលបានការគាំទ្រ ៣៨%។
លោក Trump បានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Iowa កាលពីសប្ដាហ៍មុនដោយទទួលបានសំឡេងគាំទ្រជាង ៥០% រីឯអ្នកស្រី Haley វិញទទួលបានចំណាត់ថ្នាក់ទី ៣។
ការប្រកួតប្រជែងសម្រាប់ការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនេះបានវិវត្តទៅមុខតាំងពីការបោះឆ្នោតបឋមនៅរដ្ឋ Iowa មក ដោយអភិបាលរដ្ឋ Florida លោក Ron DeSantis ដែលទទួលបានចំណាត់ថ្នាក់ទី ២ បានបញ្ចប់ការប្រកួតប្រជែងរបស់លោក ហើយលោក Vivek Ramaswamy ដែលជាសហគ្រិននិងទទួលបានចំណាត់ថ្នាក់ទី ៤ ក្រោយគេ ក៏បានបញ្ចប់ការប្រកួតរបស់លោកផងដែរ។
ករណីនេះបានធ្វើឱ្យការប្រកួតនេះនៅសល់តែលោក Trump និងអ្នកស្រី Haley ប៉ុណ្ណោះដើម្បីប្រកួតគ្នាបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដើម្បីទៅតទល់ជាមួយនឹងលោកប្រធានាធិបតី Joe Biden ដែលគេសន្មតថាជាបេក្ខជនប្រធានាធិបតីតែងតាំងខាងគណបក្សប្រជាធិបតេយ្យ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។