ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារបានលើកលែងទោសដល់បុរសមួយក្រុមដែលត្រូវបានកាត់ទោសអំពីបទឧក្រិដ្ឋចម្រុះគ្នា ដោយក្នុងចំណោមនោះក៏មានអតីតអភិបាលរដ្ឋពីគណបក្សប្រជាធិបតេយ្យមួយរូប ដែលធ្លាប់បានព្យាយាមលក់អាសនៈព្រឹទ្ធសភារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។
លោកត្រាំ ដែលពេលកន្លងមកថ្មីៗបាន លើកលែងទោសឲ្យបុគ្គលល្បីឈ្មោះមួយចំនួនដែលបានរំលោភច្បាប់ បានសម្រាលទោសពន្ធនាគារ១៤ឆ្នាំរបស់លោក Rod Blagojevich ក្រោយពីលោកបានជាប់ពន្ធនាគារអស់៨ឆ្នាំមកនេះ។
លោក Blagojevich អាយុ៦២ឆ្នាំ ត្រូវនៅជាប់ពន្ធនាគាររហូតដល់ខែឧសភាឆ្នាំ២០២៤។ ប៉ុន្តែលោកត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃអង្គារ ហើយបានថ្លែងអំណរគុណដល់លោកប្រធានាធិបតីត្រាំ។
ក្រោយពីលោក បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩ លោក Rod Blagojevich ដែលជាអតីតអភិបាលរដ្ឋ Illinois ទទួលតែងតាំងអ្នកជំនួសអាសនៈព្រឹទ្ធសភារបស់លោកអូបាម៉ា។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI បានលួចស្តាប់ការសន្ទនារបស់លោក Blagojevich ដោយលោកថាលោកព្យាយាមលក់អាសនៈនៅទទេរបស់លោកអូបាម៉ា និងបាននិយាយថា «គេមិនដែលឲ្យអាសនៈនេះទទេទេ»។
កន្លងមកសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមួយចំនួនបានសុំឲ្យមានការបន្ធូរបន្ថយទោសពន្ធនាគារ១៤ឆ្នាំរបស់លោក Blagojevich ប៉ុន្តែមន្ត្រីគណបក្សសាធារណរដ្ឋវិញសុំឲ្យលោកត្រាំកុំបន្ថយទោសនេះ ដើម្បីឲ្យលោករក្សាជំហរប្រឆាំងនឹងការ «យកលុយទិញនយោបាយបាន»។
លោកត្រាំ កាលពីថ្ងៃអង្គារក៏បានលើកលែងទោសដល់ Bernie Kerik អតីតស្នងការនគរបាលក្រុងញូវយ៉ក ដែលបានជាប់ពន្ធនាគារ៨ឆ្នាំចំពោះការគៃបន្លំពន្ធ និងលោក Edward DeBartolo Jr. អតីតម្ចាស់ក្រុមកីឡាបាល់ឱបអាមេរិក San Francisco 49ers ដែលបានសារភាពថា លោកបានលាក់ពីការធ្វើសំណូក ៤០០.០០០ (៤សែនដុល្លារ) ដល់អតីតអភិបាលរដ្ឋ Lousinana កាលពីឆ្នាំ១៩៩៨៕