លោក​ត្រាំ​ដក​តំណែង​ប្រធាន​ផ្នែក​ទំនាក់ទំនង​ថ្មី​នៅ​សេតវិមាន

ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​សេត​វិមាន លោក Anthony Scaramucci ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា នៅ​សេតវិមាន។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដក​តំណែង​លោក Anthony Scaramucci ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់​លោក​ រយៈពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​នៅ​ញូវយ៉ក​រូបនេះ ​បាន​ចាប់​ផ្តើម​កាន់​តំណែង​សំខាន់​មួយ​នេះ​នៅ​ក្នុង​សេតវិមាន។

លោក ត្រាំ បាន​បណ្តេញ​លោក ​Scaramucci​ អាយុ​៥៣​ឆ្នាំ​ចេញ​ពី​តំណែង ដោយ​យោង​តាម​សំណើ​របស់​លោក ​John Kelly ​ដែល​ជា​នាយខុទ្ទកាល័យ​សេតវិមាន​ថ្មី។ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​ក្រុម​មន្ត្រី​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក។

សេតវិមាន​បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក Scaramucci ចាក​ចេញ​ដើម្បី​ឲ្យ​លោក Kelly ​អាច​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ក្នុង​នាម​ជា​បុគ្គលិក​សេតវិមាន។
លោក​ Scaramucci មិន​សូវ​មាន​សាធារណជន​ស្គាល់​នោះ​ទេ មុន​ពេល​ដែល​លោក​កាន់​តំណែង​ក្នុង​ជួរ​នយោបាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ​នេះ។

លោកScaramucci ​ត្រូវ​បាន​ចុះផ្សាយ​លើ​កាសែត​ទំព័រ​មុខ​យ៉ាង​ឆាប់​រហ័ស​ តាមរយៈ​សម្តី​បែប​បាតផ្សារ​និង​ពាក់ព័ន្ធ​នឹង​ផ្លូវភេទ​ទៅ​កាន់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទស្សនាវដ្តី ​The New Yorker ដែលទស្សនាវដ្តី​នេះ​បាន​បោះពុម្ពផ្សាយ​កាល​ពី​សប្តាហ៍​មុន។

លោក Scaramucci ប្រឆាំង​នឹង​ទីប្រឹក្សា​សេតវិមាន​ដ៏​សំខាន់​ពីរ​នាក់​របស់​លោក ត្រាំ គឺ​លោក Reince Priebus ដែល​លោក ត្រាំ បាន​ដកតំណែង​ជា​នាយខុទ្ទកាល័យ​កាល​ពី​ថ្ងៃ​សុក្រ និង​បាន​តែងតាំង​លោក Kelly ជំនួស​វិញ ហើយ​ម្នាក់​ទៀត​គឺ​លោក Stephen Bannon ដែល​ជា​ប្រធាន​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី៕