នៅក្នុងលិខិតនិយាយចំៗមួយច្បាប់ទៅលោក Comey កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Donald Trump បាននិយាយប្រាប់លោកថា «លោកបានត្រូវបញ្ឈប់ការងារហើយបានត្រូវដកចេញពីតំណែង ដោយចូលជាធរមានជាបន្ទាន់»។ លោកប្រធានាធិបតីបានបន្ថែមថា លោក Comey «មិនអាចដឹកនាំការិយាល័យនេះដោយមានប្រសិទ្ធិភាពបានទេ»។
នាយកការិយាល័យ FBI បានត្រូវតែងតាំងសម្រាប់អាណត្តិតែមួយមានរយៈពេល១០ឆ្នាំ។ លោក Comey បានត្រូវតែងតាំងឱ្យកាន់តំណែងនេះកាលពីបួនឆ្នាំមុននេះ។ លោក Comey បាននិយាយទៅកាន់បុគ្គលិក FBI មួយក្រុមនៅក្នុងរដ្ឋ California នៅពេលលោកដឹងថាលោកបានត្រូវដកចេញពីតំណែង។ របាយការណ៍នៃបណ្តាញផ្សាយព័ត៌មាននិយាយថា លោកបានឃើញការនិយាយយោងអំពីការដកលោកចេញពីតំណែងនៅលើកញ្ចក់ទូរទស្សន៍ក៏ប៉ន្តែលោកបានគិតជាដំបូងថា ជាការផ្សាយដំណឹងមិនពិត។ រហូតមកដល់ពេលនេះលោកមិនបានធ្វើសេចក្តីថ្លែងការណ៍សាធារណៈណាមួយទេ។
ហេតុផលដែលនាំឱ្យមានការដកលោក Comey ចេញពីតំណែងបានត្រូវបង្ហាញនៅក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាសរសេរដោយលោករដ្ឋមន្ត្រីក្រសួងយុត្តធម៌ Jeff Sessions និងអនុរដ្ឋមន្ត្រីរបស់លោកគឺលោក Rod Rosenstein។ លោកទាំងពីរនាក់បានចោទប្រកាន់លោក Comey ថាបានសម្រេចដោយខ្លួនឯងខាងផ្លូវច្បាប់៕