ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានយ៉ាងខ្លាំងចំពោះប្រទេសអ៊ីរ៉ង់ ដោយបញ្ជាក់ថា អ៊ីរ៉ង់នឹងត្រូវបំផ្លាញ ប្រសិនបើវាយប្រហារសហរដ្ឋអាមេរិក ឬក៏ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «ប្រសិនបើប្រទេសអ៊ីរ៉ង់ចង់វាយប្រហារ នោះនឹងក្លាយជាការបញ្ចប់ផ្លូវការនៃប្រទេសនេះ។ កុំគំរាមកំហែងសហរដ្ឋអាមេរិកម្ដងទៀត»។
នៅពេល ៣ ថ្ងៃមុនពេលលោក Trump ថ្លែងដូច្នេះ លោក Trump ហាក់ដូចជាដកថយពីគោលជំហរបែបធ្វើសង្គ្រាមរបស់លោកប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបាននិយាយថា លោកមានឆន្ទៈក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលអ៊ីរ៉ង់។
នៅពេលដែលអ្នកកាសែតម្នាក់នៅសេតវិមានសួរលោកថា តើសហរដ្ឋអាមេរិកនឹងធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ ឬក៏អត់នោះ លោក Trump បានឆ្លើយថា លោកសង្ឃឹមថារឿងនេះនឹងមិនកើតឡើងទេ។
ប៉ុន្តែ គេឃើញថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ ហាក់ដូចជាមិនថមថយចុះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា «គ្រាប់រ៉ុក្កែតមិនសូវខ្លាំង» មួយគ្រាប់ ត្រូវបានគេបាញ់ចូលតំបន់ green zone ដែលជាតំបន់មានសន្តិសុខខ្ពស់នៅកណ្ដាលក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ។ គេមិនឃើញមានការរាយការណ៍អំពីអ្នករងរបួស ឬក៏ការបំផ្លិចបំផ្លាញណាមួយដោយសារគ្រាប់រ៉ុក្កែតនេះទេ៕