សមាជិកគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក បានឆ្លើយតបយ៉ាងរហ័សដល់ការនិយាយអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា គ្មានអ្វីខុសទេ ដោយគ្រាន់តែស្តាប់ព័ត៌មានអំពីអ្នកប្រជែងខាងនយោបាយម្នាក់ ទោះណាជាព័ត៌មាននេះបានមកពីប្រទេសក្រៅក៏ដោយ។
លោក Trump បានធ្វើឱ្យសមាជិកគណបក្សសាធារណរដ្ឋខ្លះស្រឡាំងកាំងជាមួយសេចក្តីថ្លែងរបស់លោកដែលថា លោកនឹងទទួលយកព័ត៌មានពីរដ្ឋាភិបាលបរទេសណាមួយ ដែលអាចធ្វើឱ្យមានផលមិនល្អដល់គូប្រជែងរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងឆ្នាំ២០២០។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយលោក George Stephanopoulos នៃកម្មវិធីព័ត៌មានរបស់បណ្តាញទូរទស្សន៍អាមេរិក ABC ដែលបានត្រូវផ្សាយកាលពីថ្ងៃពុធ ទី១២ ខែមិថុនា លោក Trump បាននិយាយថា ប្រសិនបើលោកបានទទួលការស្នើផ្តល់ព័ត៌មានបែបនេះ លោកនឹងស្តាប់។
ក្រុមអ្នករិះគន់យល់ឃើញថា សេចក្តីថ្លែងនេះរបស់លោកប្រធានាធិបតីជាការបើកដៃឲ្យរដ្ឋាភិបាលបរទេសជ្រៀតជ្រែកថែមទៀត នៅក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នៅពេលដែលសមាជិកសភាអាមេរិក កំពុងខិតខំព្យាយាមបញ្ចៀសកុំឱ្យមានការជ្រៀតជ្រែករបស់រុស្សីជាថ្មីទៀត ដូចកាលពីការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។
លោកស្រី Nancy Pelosi សមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៅក្នុងសភាតំណាងរាស្ត្រអាមេរិក បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនាថា ជាថ្មីទៀត លោក Trump បានបង្ហាញឱ្យឃើញថា លោកមិនដឹងអ្វីខុសអ្វីត្រូវទេ។
លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំង បានមានប្រសាសន៍ថា៖
«មនុស្សគ្រប់គ្នានៅក្នុងប្រទេសនេះគួររន្ធត់ចិត្តនឹងអ្វីដែលប្រធានាធិបតីរូបនេះបាននិយាយកាលពីយប់មិញ។ ការថ្លែងបែបនេះគួរនាំឱ្យមានការភ័យរន្ធត់។ ក៏ប៉ុន្តែលោក Trump មានទម្លាប់មួយក្នុងការនិយាយសេចក្តីថ្លែងការណ៍ដែលនាំឱ្យមានការភ័យរន្ធត់។ ការថ្លែងបែបនេះជាការគ្មានសីលធ៌មឡើយ ដែលលោកមិនបានទាំងដឹងផងទេ»។
អត្ថាធិប្បាយតាមទូរទស្សន៍របស់លោកប្រធានាធិបតីបានធ្វើឱ្យមានការពិបាកដល់សមាជិកគណបក្សសាធារណរដ្ឋរបស់លោក ក្នុងការការពារលោក។
លោក Kevin McCarthy ដែលជាប្រធាំនក្រុមភាគតិចក្នុងសភាតំណាងរាស្ត្រអាមេរិកាំង បាននិយាយថា៖
«ខ្ញុំបានមើលប្រធានាធិបតីនេះងើបឈរប្រឆាំងនឹងអង្គភាពបរទេសទាំងនេះ ហើយលោកនឹងមិនអនុញ្ញាតឱ្យប្រទេសក្រៅណាមួយជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់យើងទេ»។
លោក Mitt Romney សមាជិកព្រឹទ្ធសភាអាមេរិក ប្រចាំរដ្ឋ Utah ដែលជាសមាជិកគណបក្សសាធារណរដ្ឋម្នាក់ធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីពីរដង មិនបានព្យាយាមការពារលោកប្រធានាធិបតីទេ។ លោក Romney បាននិយាយថា៖
«សេចក្តីថ្លែងនេះរបស់លោក Trump ប្រហែលខុសច្បាប់រួចស្រេចហើយ។ ប្រសិនបើការថ្លែងនេះមិនខុសច្បាប់ទេ យើងគួរតែធ្វើវាឱ្យទៅជាការខុសច្បាប់។ ក៏ប៉ុន្តែការគ្រាន់តែអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសមានការទាក់ទិននឹងការបោះឆ្នោតរបស់យើងនោះ គឺជាអ្វីដែលយើងមិនអាចអនុញ្ញាតឱ្យមានឡើយ ហើយវាក៏ផ្ទុយខ្លាំងណាស់នឹងស្មារតីនៃលទ្ធិប្រជាធិបតេយ្យ»។
សមាជិកសភាអាមេរិកបានថ្កោលទោសជាឯកច្ឆន្ទដល់ការជ្រៀតជ្រែករបស់រុស្សីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ហើយសមាជិកច្រើននាក់នៃសភានេះ បានជំរុញឱ្យមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខ។ ក៏ប៉ុន្តែ លោក Mitch McConnell ប្រធានក្រុមភាគច្រើននៃព្រឹទ្ធសភាអាមេរិក ដែលជាអ្នកគាំទ្រខ្លាំងក្លាលើលោក Trump បានរាំងខ្ទប់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។
លោក Chuck Schumer ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់ម្នាក់នៅក្នុងព្រឹទ្ធសភាអាមេរិក បានលើកបញ្ហានេះមកនិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនាកន្លងទៅ។
«យើងមានសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខនៃការបោះឆ្នោតដាក់ស្នើដោយគណបក្សទាំងពីរជាច្រើន ដែលនៅជាប់រ៉ាំរ៉ៃនៅក្នុងព្រឹទ្ធសភា។ យើងមានសេចក្តីព្រាងច្បាប់មួយដាក់ស្នើដោយសមាជិកជាន់ខ្ពស់ម្នាក់នៃគណៈកម្មាធិការខាងការស៊ើបការសម្ងាត់ ដែលធ្វើឱ្យក្រុមអ្នកឃោសនាបោះឆ្នោត ត្រូវមានកាតព្វកិច្ចខាងផ្លូវច្បាប់ ក្នុងការរាយការណ៍ប្រាប់ FBI នៅពេលប្រទេសណាមួយស្នើផ្តល់ជំនួយ។ នេះជាការងាយស្រួលណាស់។ ពេលណាដែលប្រទេសមួយមកប្រាប់អ្នកធ្វើការបោះឆ្នោតរបស់លោកអ្នកហើយស្នើផ្តល់ជំនួយ នោះលោកអ្នកត្រូវនិយាយប្រាប់ FBI»។
ក្រុមអ្នកវិភាគនិយាយថា សេចក្តីព្រាងច្បាប់ទាំងនេះនឹងប្រហែលជានៅរ៉ាំរ៉ៃតទៅទៀត ដោយសារពអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋនៅតែគាំទ្រគ្មានងាករេដល់លោក Trump។ សមាជិកសភាម្នាក់ខាងគណបក្សសាធារណរដ្ឋ ដែលជំទាស់នឹងលោក Trump ដោយចំហ អាចប្រឈមនឹងគ្រោះថ្នាក់ នៅពេលឈរឈ្មោះជាថ្មីម្តងទៀត៕
ប្រែសម្រួលដោយ ឈឹម សុមេធ