លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump មិនបានយកបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងមកធ្វើជាផ្នែកសំខាន់នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកកន្លងមកនោះទេ។ ហើយ គោលនយោបាយរបស់លោកចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះនៅតែមិនច្បាស់។
ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញមួយចំនួនបានធ្វើការទស្សន៍ទាយថា លោក Trump នឹងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងដ៏ខ្លាំងក្លាមួយចំនួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញថា សហរដ្ឋអាមេរិកធ្វើដូចនេះគឺត្រឹមត្រូវ ហើយបន្ទាប់មក ដកថយវិញដើម្បីចូលរួមនៅក្នុងទំនាក់ទំនងជាមួយប្រទេសចិនក្នុងផ្នែកសេដ្ឋកិច្ច។
អ្នកតាមដានគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ី រំពឹងថា លោក Trump នឹងបង្ហាញកម្លាំងរបស់ខ្លួនភ្លាមៗ ដែលក្នុងនោះមានដូចជា ការចរាចរនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញថា សមុទ្រចិនខាងត្បូងនេះ ជាសមុទ្របើកទូលាយសម្រាប់ប្រទេសនានា ទោះបីជាប្រទេសចិនបានទាមទារកាន់កាប់ដែនទឹកនេះស្ទើរតែទាំងមូលក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ Sean King ដែលជាអនុប្រធានក្រុមហ៊ុន Park Strategies ដែលជាក្រុមហ៊ុនប្រឹក្សានយោបាយមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
អ្នកវិភាគបានបន្តថា ពេលដែលលោក Trump បានបង្ហាញកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងរួចហើយ រដ្ឋាភិបាលរបស់លោកនឹងប្រហែលជាឈប់ធ្វើសកម្មភាពយោធាដូចនេះទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។
លោក Trump មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់ពីគោលនយោបាយផ្លូវការរបស់លោកចំពោះបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយ សហរដ្ឋអាមេរិកក៏មិនមែនជាភាគីនៅក្នុងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនោះដែរ៕