បន្ទាប់ពីការព្យាករណ៍ថាបានចាញ់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden មក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងរក្សាការស្ងប់ស្ងាត់ លើកលែងតែចុះផ្សាយនៅលើទំព័រ Twitter របស់លោក អំពីការអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត ដែលភាគច្រើនត្រូវគេរកឃើញថា គ្មានភស្តុតាងនោះ។
លោក Trump កាលពីថ្ងៃព្រហស្បតិ៍ បានសរសេរសារ Twitter មួយអំពី «ការលួចបន្លំក្នុងការបោះឆ្នោត» ហើយលោកបានវាយប្រហារបណ្តាញទូរទស្សន៍ Fox News ដែលភាគច្រើនបានគាំទ្រលោកទូទាំងការកាន់ដំណែងជាប្រធានាធិបតីរបស់លោក។ ក្រុមហ៊ុន Twitter បានភ្ជាប់សញ្ញាប្រាប់អ្នកអានថា «ការអះអាងអំពីការបោះឆ្នោតលួចបន្លំ ត្រូវបានជំទាស់»។
លោក Trump មិនបានចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងារសេតវិមាន ទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា អស់ពេលរាប់ខែ ដោយជាប់រវល់ធ្វើយុទ្ធនាការបោះឆ្នោត។
សេតវិមានច្រានចោលការរិៈគន់ពីសំណាក់បក្សប្រជាធិបតេយ្យ ដែលថា ដោយសារការចាញ់ឆ្នោត លោក Trump ឈប់គ្រប់គ្រងមុនពេលកំណត់នោះ។
អ្នកនាំពាក្យរងនៃសេតវិមាន បានប្រាប់វីអូអេថា ការចោទប្រកាន់នេះមិនពិតទេ ហើយថា លោកប្រធានាធិបតីកំពុងតស៊ូ ដើម្បីការបោះឆ្នោតសេរីនិងយុត្តិធម៌ ហើយស្របពេលជាមួយគ្នានេះ លោកកំពុងបំពេញការងារបម្រើពលរដ្ឋអាមេរិកាំង៕