លោក​ Trump ​ប្រកាស​ទទួល​ស្គាល់​ថា ​លោក​អូបាម៉ា ​ពិត​ជា​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​

បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក Donald Trump កាល​ពី​ថ្ងៃ​សុក្រ​បាន​ថ្លែង​ទទួល​ស្គាល់​ថា លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា កើត​ក្នុង​សហរដ្ឋអាមេរិក​។

បេក្ខជន​ប្រធានាធិបតីពី​គណបក្ស​សាធារណរដ្ឋ​លោក​ Donald Trump​ បាន​បញ្ចប់​មន្ទិល​សង្ស័យ​ជុំវិញ​ទស្សនៈ​របស់​លោក​ដោយ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​កើត​នៅ​ក្នុង​សហរដ្ឋអាមេរិក‍»។​

បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០១១​ គឺ​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ចលនា​ជជែក​តវ៉ា​គ្នា​នេះ​ ដោយ​មិន​មាន​ភស្តុតាង​ដែល​ថា​លោក​អូបាម៉ា​ កើត​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។​ ចាប់​តាំងពី​ពេល​នោះ​មក​ លោក​បាន​ធ្វើ​ការបដិសេធ​ដោយ​ផ្ទាល់​អំពី​អ្វី​ដែល​លោក​ជឿ។ ទើប​តែ​ថ្ងៃសុក្រ​នេះ​ទេ​ ដែល​លោក​បាន​បញ្ចប់​ភាព​ស្រពិច​ស្រពិល​របស់​លោក។​

យុទ្ធនាការ​របស់​លោក​ Trump​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ជឿ​ថា​លោក​ អូបាម៉ា​ កើត​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ​ សហរដ្ឋ​អាមេរិក។​ នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ លោក​ Trump ​បាន​ស្តី​បន្ទោស​លោកស្រី​ Clinton​ ថា​ជា​អ្នក​ចាប់​ផ្តើម​បញ្ហា​ចម្រូង​ចម្រាស​នេះ​ឡើង​ ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ប្រឆាំង​នឹង​លោក​អូបាម៉ា​ នៅ​ឆ្នាំ២០០៨។​ ប៉ុន្តែ​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​នោះ​ ហើយ​បាន​រក​ឃើញ​ថា​មិន​មាន​ភស្តុតាង​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​នោះ​ទេ។

លោកស្រី​ Clinton​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ក៏​បាន​ច្រាន​ចោល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ Trump​ ដើម្បី​លើក​ឡើង​ពី​មន្ទិល​សង្ស័យ​របស់​លោក​ជុំវិញ​ទី​កន្លែង​កំណើត​របស់​លោក​អូបាម៉ា​ដែរ៕