ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ ជំរុញ​ឱ្យ​ពាក់​ម៉ាស ​ក៏ប៉ុន្តែ ច្រានចោល​ការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស​ទូទាំង​ប្រទេស

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ពាក់​ម៉ាស​ នៅ​ពេល​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ជាតិ Walter Reed នៅ​ក្នុង​ក្រុង Bethesda កាលពី​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និយាយ​ថា លោក​ពេញចិត្ត​ដែល​ប្រជាពល​រដ្ឋអាមេរិកាំង​កំពុង​ពាក់​ម៉ាស​ដើម្បី​ជួយ​ទប់ស្កាត់​ការ​កើន​ឡើង​នូវ​ការរាតត្បាត​មេរោគ​កូរ៉ូណា​ ក៏ប៉ុន្តែ​បាន​និយាយ​ថា លោក​នឹង​មិន​បង្ខំ​ឱ្យ​ប្រើប្រាស់​ម៉ាស​ទូទាំង​ប្រទេស​ទេ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​នៅ​ឯ​សេតវិមាន​ជា​លើក​ទី១​ដែល​បាន​ផ្សាយ «ក្នុង​កម្មវិធី Fox News Sunday» ថា ខ្ញុំ​គិត​ថា ម៉ាស​ជា​ការ​ល្អ​ណាស់។

ក៏ប៉ុន្តែ លោក​ប្រធានាធិបតី​ត្រាំ​ដែល​បាន​ពាក់​ម៉ាស​នៅ​ក្នុង​កន្លែង​សាធារណៈ​ជា​លើក​ដំបូង​ទើបតែ​មួយ​សប្តាហ៍​មុន​បាន​ប្រាប់​លោក Chris Wallace អ្នក​យកព័ត៌មាន​របស់​ទូរទស្សន៍ Fox News នៅក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា «ខ្ញុំ​មិន​យល់ស្រប​ជាមួយ​សេចក្តីថ្លែងការណ៍​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពាក់​ម៉ាស​នោះ​ ជំងឺ​នោះ​នឹង​បាត់​នោះ​ទេ»។

ទោះបី​នៅ​ពេល​ដែលអភិបាល​រដ្ឋ​ជាច្រើន​នៃ​អភិបាលរដ្ឋ​ចំនួន៥០ និង​អភិបាល​ក្រុងធំៗ​របស់​សហរដ្ឋអាមេរិក​បាន​តម្រូវ​ឱ្យ​ពាក់ម៉ាស​ក្នុង​ការ​ប្រឈម​ការ​កើន​ឡើង​នូវ​មេរោគ​កូរ៉ូណា​ក៏ដោយ លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា លោក​ជឿ​ថា ការ​ពាក់ម៉ាស​គួរ​តែ​ជា​ការ​ស្ម័គ្រចិត្ត។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​និយាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ថ្ងៃ​អាទិត្យ​លើក​ដំបូង​កាលពី​ជាង​មួយ​ឆ្នាំ​មុន​ថា «ខ្ញុំចង់​ឱ្យ​ពលរដ្ឋ​មាន​សេរីភាព​ពិតប្រាកដ​ហើយ​ខ្ញុំ​មិន​ជឿ​ក្នុង​ការតម្រូវ​ឱ្យ​ពាក់ម៉ាស​ជា​ច្បាប់​នោះ​ទេ»។

លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា លោក​វេជ្ជបណ្ឌិត​ Anthony Fauci អ្នក​ជំនាញ​ជំងឺ​ឆ្លង​ដ៏​ល្បីល្បាញ​ និង​លោក Jerome Adams ប្រធាន​គ្រូពេទ្យ​អាមេរិក​បាន​ប្រឆាំង​ការ​ពាក់​ម៉ាស​នៅ​ក្នុង​ការ​រាតត្បាត​វីរុស​ថ្ងៃទី១នៅ​ក្នុង​សហ​រដ្ឋអាមេរិក​នៅដើម​ឆ្នាំ​នេះ។ចាប់​តាំង​ពីពេល​នោះ​មក លោក​ទាំង២ បាន​ផ្លាស់ប្តូរ​គំនិត ​ហើយ​បាន​អំពាវនាវ​ម្តង ហើយ​ម្តង​ទៀត​ឱ្យ​ពាក់​ម៉ាស៕