លោក Trump និយាយ​សម្រាល​ពី​ការ​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​របស់​ប្រទេស​ហ្វីលីពីន

រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី Donald Trump មិន​បាន​ចាត់ទុក​ការកត់​សម្គាល់​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ចំពោះ​ការបិទបញ្ចប់​កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា ដែល​ជា​កិច្ចព្រមព្រៀង​មាន​អាណត្តិ​មួយ​ទសវត្សរ៍​នោះ ថា​ជា​រឿង​ធំដុំ​ទេ។

លោក​ប្រធានាធិបតី Donald Trump មិន​បាន​ចាត់ទុក​ការកត់​សម្គាល់​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ចំពោះ​ការបិទបញ្ចប់​កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា ដែល​ជា​កិច្ចព្រមព្រៀង​មាន​អាណត្តិ​មួយ​ទសវត្សរ៍​នោះ ថា​ជា​រឿង​ធំដុំ​ទេ។ កិច្ចព្រមព្រៀង​នោះ អនុញ្ញាត​ឲ្យ​កងកម្លាំង​អាមេរិកាំង ធ្វើការ​ហ្វឹកហ្វឺន​ដល់កងកម្លាំង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ លោក Trump បាន​និយាយ​ថា ការបិទ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឲ្យ​សហរដ្ឋ​អាមេរិក​អាច​សន្សំ​ប្រាក់​បាន​ច្រើន ក៏ប៉ុន្តែ អ្នកវិភាគ​បាន​និយាយ​ថា ការព្យាយាម​សន្សំ​ប្រាក់​តាមរយៈ​ការបិទ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រទេស​ផ្តល់​ផ្នែក​សន្តិសុខ ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ទាហាន​អាមេរិកាំង និង​ទាហាន​ហ្វីលីពីន បាន​ធ្វើ​សមយុទ្ធ​ជាមួយគ្នា នៅ​ក្រោម​កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា​ឆ្នាំ ១៩៩៩។

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា សហរដ្ឋ​អាមេរិក បាន​ធ្វើ​វិភាគទាន​ក្នុង​ការជួយ​ប្រទេស​ហ្វីលីពីន​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរជន​រដ្ឋ​ឥស្លាម ក៏ប៉ុន្តែ បាន​ច្រានចោល​សេចក្តី​ប្រកាស​របស់​ទីក្រុង​ម៉ានីល​អំពី​រឿង​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា ដោយ​លោក​បាន​និយាយ​ថា ការបិទ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អាច «សន្សំ​ប្រាក់​បាន​ច្រើន»។

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា៖

«ដូច​អ្នក​ទាំងអស់គ្នា​បាន​ដឹង​ហើយ ទំនាក់ទំនង​របស់​ខ្ញុំ ជាមួយ​មេដឹកនាំ​របស់​ពួកគេ​ គឺ​ជា​ទំនាក់ទំនង​ដ៏ល្អ​មួយ ហើយ​យើង​នឹង​រង់ចាំ​មើល​ថា តើ​នឹង​មានអ្វី​កើត​ឡើង។ ពួកគេ នឹង​ត្រូវ​ប្រាប់ខ្ញុំ​អំពី​រឿង​នោះ»។

រូប​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Rodrigo Duterte នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី នៅ​ក្នុង​ក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការអធិប្បាយ​របស់​លោក Trump ផ្ទុយ​គ្នា​ពី​រដ្ឋមន្រ្តី​ការពារ​ប្រទេស​របស់​លោក ដែល​បាន​និយាយ​ថា ការបិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា គឺ​ប្រឆាំងនឹង​កិច្ចខិតខំប្រឹងប្រែង​ដែល​ជំរុញ​ឲ្យ​ប្រទេស​ចិន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​តំបន់។

កាលពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ធ្វើ​សេចក្តី​ប្រកាស ក្រោយពី​រិះគន់​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ក្នុងការ​លុបចោល​ទិដ្ឋាការ​របស់​អតីត​មេបញ្ជាការ​ប៉ូលិស​ជាតិ​របស់​លោក។

អតីត​មេបញ្ជាការ​ប៉ូលិស​នោះ​បាន​អនុវត្ត​ការធ្វើ​សង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន​របស់​លោក Duterte ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់ និង​ត្រូវបាន​ថ្កោលទោស​ដោយ​អង្គការ​សិទ្ធិ​មនុស្ស។

លោក​ប្រធានាធិបតី Rodrigo Duterte ថ្លែង​ថា៖

«លោក Trump និង​អ្នក​ផ្សេង​ទៀត កំពុង​ព្យាយាម​រក្សា​កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ចង់​បាន​កិច្ចព្រមព្រៀង​នោះ​ទេ។ (ពួក)​អាមេរិកាំង ឈ្លើយ​ណាស់»។

បើសិនជា​ភាគី​សង​ខាង​មិន​អាច​សម្រេច​ការព្រមព្រៀង​ថ្មី​ទេ​នោះ កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៦ខែ ទៀត។ គ្រាដែល​មន្រ្តី​ជាច្រើន​នៅក្នុង​អង្គភាព​សន្តិសុខ​ក្នុង​ទីក្រុង​ម៉ានីល និង​រដ្ឋធានី​វ៉ាស៊ីនតោន ចង់​រក្សា​កិច្ចព្រមព្រៀង​នេះ ការបដិសេធ​ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​មាន​ការលំបាក។ លោក Gregory Poling ជា​សមាជិក​នៃ​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ។ លោក Gregory Poling ថ្លែង​ថា៖

«លោក Rodrigo Duterte ស្អប់​អាមេរិកាំង។ លោក​ចង់​សម្រប​ប្រទេស​ហ្វីលីពីន ទៅ​តាម​ប្រទេស​ចិន ហើយ​លោក​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ទស្សនកិច្ច​សិក្សា​ផ្នែក​យោធា គួរតែ​បញ្ចប់​កាលពី​រាប់សិប​ឆ្នាំ​មុន។ លោក Donald Trump បាន​មើលស្រាល​សម្ព័ន្ធភាព​ជាទូទៅ ដោយ​គិត​ថា នោះ​គឺជា​ការខ្ជះខ្ជាយ​ថវិកា ហើយ​គ្រាន់​តែ​និយាយ​បែបហី​ថា លោក​មិនខ្វល់​ទេ បើ​សម្ព័ន្ធភាព​នឹង​ត្រូវ​បញ្ចប់​នោះ។ កន្លងមក គឺ​លោក​និយាយ​អ៊ីចឹង​ជាហូរហែរ​មក»។

រូប​ឯកសារ៖ ពលរដ្ឋហ្វីលីពីនធ្វើបាតុកម្មនៅមុខស្ថានទូតសរអានៅទីក្រុងម៉ានីល ប្រឆាំងនិងទស្សនកិច្ចលើកទីមួយរបស់លោកប្រធានាធិបតីសរអា Donald Trump មកកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១និងកិច្ចប្រជុំអាស៊ានអាមេរិក។​

ប្រទេស​ហ្វីលីពីន ជា​ប្រទេស​សម្ព័ន្ធមិត្ត​មាន​សន្ធិសញ្ញា​ជាមួយ​គ្នា ចាស់​ជាងគេ​មួយ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក គឺ​ចាស់​ជាង​ប្រទេស​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ទៅ​ទៀត។ លោក Gregory Poling ថ្លែង​បន្ត​ថា៖

«ប្រសិនបើ​នៅ​ទីបញ្ចប់ ប្រទេស​ហ្វីលីពីន ដើរ​ចេញ​ដោយសារតែ​ពួកគេ​បាន​ឃើញ​ថា អាមេរិកាំង​ជា​ខ្លា​ក្រដាស​នោះ នោះ​វាក៏​នឹង​បង្ក​ឲ្យ​មាន​ការចោទ​សួរ​អំពី​កេរ្តិ៍​ឈ្មោះ​របស់​សហរដ្ឋ​អាមេរិក​នៅ​ទូទាំង​តំបន់​នោះ​ផងដែរ។ ទីពីរ​ប្រហែល​ជា​ផលប៉ះពាល់​ភ្លាមៗ​ជាង​នេះគឺ​ថា វា​ពិតជា​អាច​ផ្តល់​អំណាច​ដល់​ចិន​ឲ្យ​ធ្វើអ្វី ដែល​ខ្លួន​ចង់បាន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ពីព្រោះ​បើ​គ្មាន​មធ្យោបាយ​ចូល​ទៅ​ប្រទេស​ហ្វីលីពីន​ទេ កម្លាំង​យោធា​មូលដ្ឋាន​នៅ​ជិត​បំផុត​របស់​អាមេរិក គឺ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណជា ២.៤០៧ គីឡូម៉ែត្រ ដែល​ស្ថិត​នៅ​លើ​កោះ​អូគីណាវ៉ា។ អាមេរិក មិន​អាច​ទប់ទល់​ជាមួយ​ចិន ដោយ​ប្រសិទ្ធភាព​ទេ»។

អ្នកវិភាគ​ថ្លែង​ថា ការគ្មាន​កងទ័ព​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន អាច​បន្តុច​បង្អាក់​ដល់​ការប្រមូល​ផ្តុំ​ការស៊ើបការណ៍​សម្ងាត់ និង​កិច្ចប្រត្តិកាណ៍​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​ការឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការជួយ​តំបន់​នោះ ដោះស្រាយ​គ្រោះ​ធម្មជាតិ មាន​ភាពយឺតយ៉ាវ​ជាងមុន​ដែរ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់