ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាអំពីការគំរាមកំហែងរបស់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។
សេតវិមានបានឲ្យដឹងថា លោក Trump និងលោក Xi Jinping «បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ» ហើយស្របពេលជាមួយគ្នានោះដែរ លោក Trump បានលើកឡើងពីការគំរាមកំហែងនៃកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា លោក Xi Jinping បានប្រាប់លោក Trump អំពីកត្តាអវិជ្ជមាននានាដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហើយលោក Xi Jinping សង្ឃឹមថា លោក Trump នឹងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ឲ្យបានសមហេតុសមផលស្របទៅតាមគោលការណ៍ «ចិនតែមួយ»។
ចាប់តាំងពីឆ្នាំ ១៩៧៩ មក សហរដ្ឋអាមេរិកបានទទួលស្គាល់ថា កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានអនុម័តនូវសំណើថវិកាចំនួន ១ ពាន់ ៤ រយ ២០ លានដុល្លារអាមេរិក សម្រាប់ការលក់អាវុធឲ្យតៃវ៉ាន់។
សេតវិមានក៏បានឲ្យដឹងទៀតថា លោក Trump និងលោក Shinzo Abe ឯកភាពគ្នាលើការបង្កើនការដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ដើម្បីឲ្យ «ផ្លាស់ប្ដូរវិថីគ្រោះថ្នាក់របស់ខ្លួនចេញ» ហើយសហរដ្ឋអាមេរិក និងជប៉ុនត្រៀមរួចរាល់ដើម្បីឆ្លើយតបទៅនឹង «ការគំរាមកំហែង ឬក៏សកម្មភាពណាមួយ ដែលធ្វើឡើងដោយកូរ៉េខាងជើង»។
សេតវិមានបានបញ្ជាក់នៅក្នុងផ្នែកបញ្ចប់នៃសេចក្ដីប្រកាសរបស់ខ្លួនថា លោក Trump នឹងជួបពិភាក្សាជាមួយនឹងលោក Xi Jinping និងលោក Shinzo Abe ដាច់ដោយឡែកពីគ្នាដោយផ្ទាល់ក្នុងសប្ដាហ៍នេះ នៅឯកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G ២០ នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់៕