បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump កាលពីយប់ថ្ងៃពុធម្សិលមិញ បានដាក់ចេញនូវគោលនយោបាយអន្តោប្រវេសន៍ផ្ដោតជាចម្បងលើសន្តិសុខតាមព្រំដែន និងការធានាថាអ្នកដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកផ្ដល់តម្លៃដល់ប្រទេសនេះ។
លោកបានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកនៅក្នុងរដ្ឋ Arizona ភាគនិរតីសហរដ្ឋអាមេរិក ក្នុងភាសាខ្លាំងៗជាងអ្វីដែលលោកបាននិយាយកាលពីប៉ុន្មានម៉ោងមុននឹងលោកថ្លែងនេះនៅក្នុងទីក្រុងម៉ិកស៊ីកូ ដែលនៅទីនោះ លោកបានចូលរួមនូវការប្រជុំមួយជាមួយលោកប្រធានាធិបតីប្រទេសម៉ិកស៊ិក Enrique Pena Nietoដែលលោកហៅការប្រជុំនោះថា ជាជំនួបដ៏មានសារៈសំខាន់ និងដោយត្រង់ទៅត្រង់មក។
ឧទាហរណ៍សំខាន់មួយអំពីភាពមិនចុះសម្រុងគ្នា គឺការសន្យាជាយូរមកហើយរបស់លោក Trump ក្នុងការកសាងជញ្ជាំងនៅព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។ លោក Trump បាននិយាយបន្ទាប់ពីប្រជុំជាមួយលោក Pena Nieto ថា លោក និងលោក Pena Nieto បានពិភាក្សាគ្នាអំពីគម្រោងសាងសង់ជញ្ជាំងនៅតាមព្រំដែននោះ ប៉ុន្តែមិនបាននិយាយពីការអះអាងរបស់លោក Trump ដែលទាមទារឲ្យប្រទេសម៉ិកស៊ិកជាអ្នកចេញថ្លៃសាងសង់នោះទេ។ លោក Pena Nieto បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសម៉ិកស៊ិកនឹងមិនចេញថ្លៃអ្វីទាំងអស់។
ប៉ុន្តែនៅពេលដែលលោក Trump បញ្ជាក់អំពីគម្រោងអន្តោប្រវេសន៍ទាំង ១០ ចំណុចរបស់លោកនៅក្នុងរដ្ឋ Arizona លោកបានបញ្ជាក់ពីការសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសម៉ិកស៊ិកថា ជាជញ្ជាំងដែលមានកម្ពស់ខ្ពស់ រឹងមាំ និងស្រស់ស្អាត។
លោក Trump ថា ប្រទេសម៉ិកស៊ិកមិនទាន់ដឹងថាខ្លួននឹងត្រូវចេញថ្លៃសាងសង់ជញ្ជាំងនោះ នោះទេ។ បន្ទាប់ពីលោកបាននិយាយដូច្នេះ អ្នកគាំទ្រលោកបានបន្ទរថា «សាងសង់ជញ្ជាំងនោះទៅ»៕