រឿងចម្រូងចម្រាស់អំពីអ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់ទាក់ទិននឹងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ នៅតែបន្តវិវឌ្ឍកាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតីបានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងនៃសមាជិកសភាសំខាន់ម្នាក់ដែលមិនបាននិយាយការពិតអំពីលោកនៅក្នុងសវនាការមួយក្នុងសភាស.រ.អា. ហើយលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងបានហៅលោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មស.រ.អា.ថាជា«មនុស្សទុច្ចរិត»។
ព្រឹត្តិការណ៍ទាំងនេះជាការឆ្លើយតបនឹងការត្អូញត្អែរដោយអ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់ដែលបានចោទប្រកាន់ថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទមួយកាលពីថ្ងៃទី២៥ខែកក្កដា លោក ត្រាំ បានសុំឱ្យប្រធានាធិបតីថ្មីនៃប្រទេសអ៊ុយក្រែនជីកកកាយរកព័ត៌មានទាក់ទិននឹងបទឧក្រិដ្ឋអំពីលោកអតីតអនុប្រធានាធិបតី Joe Biden និងកូនប្រុសលោកឈ្មោះ Hunter ដែលអាចបំផ្លាញលទ្ធភាពលោក Biden ក្នុងការទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យនិងលទ្ធភាពរបស់លោក Biden ជាគូប្រជែងរបស់លោកនៅឆ្នាំ២០២០។
កាលពីថ្ងៃសុក្រ លោក ត្រាំ បានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងដោយលោក Adam Schiff ប្រធានគណៈកម្មាធិការខាងការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំងខាងគណបក្សប្រជាធិបតេយ្យដោយមិនបាននិយាយការពិតអំពីលោកនៅក្នុងសវនាការមួយកាលពីថ្ងៃព្រហស្បតិ៍អំពីការពន្យារពេលរបស់រដ្ឋបាលក្នុងការដាក់បង្ហាញការត្អូញត្អែររបស់អ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់ជូនសភា។
នៅក្នុងកំណត់សម្គាល់នៅពេលបើកសវនាការក្នុងសភាតំណាងរាស្ត្រអាមេរិកាំងកាលពីថ្ងៃព្រហស្បតិ៍ លោក Sciff បានមានប្រសាសន៍ថា ការត្អូញត្អែរនេះជា«ភ័ស្តុតាងច្បាស់លាស់បំផុតថាប្រធានាធិបតីស.រ.អា.បានក្បត់ពាក្យសច្ចាប្រណិធានរបស់លោកនៅពេលលោកចូលកាន់តំណែង»៕