កាលពីយប់ថ្ងៃពុធម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទាមទារតាម Twitter ឲ្យកាសែត The New York Times បង្ហាញជាបន្ទាន់នូវឈ្មោះមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលរបស់លោក ដែលបានបញ្ចេញមតិលើកាសែតនេះដោយមិនបញ្ចេញឈ្មោះ ដើម្បីកាត់ទោស។
លោក Trump បានសរសេរនៅលើ Twitter ថា៖ «តើពិតជាមាន «មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់» នោះមែនទេ ឬក៏គ្រាន់តែជាអត្ថបទខ្វះចន្លោះមួយរបស់កាសែត New York Times ដែលផ្អែកលើប្រភពក្លែងក្លាយ? ប្រសិនបើអ្នកដែលមិនបញ្ចេញឈ្មោះដ៏កំសាករូបនេះពិតជាពិតប្រាកដមែន នោះកាសែត New York Times ត្រូវតែបញ្ជូនឈ្មោះអ្នកនោះឲ្យរដ្ឋាភិបាលភ្លាម ដើម្បីសន្តិសុខជាតិ»។
ការទាមទារនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Trump បានសរសេរសារជាសំណួរមួយពាក្យនៅលើ Twitter ថា៖ «ក្បត់ជាតិ?»។
លោក Trump និងសេតវិមានបានមានប្រតិកម្មដោយកំហឹងចំពោះអត្ថបទបញ្ចេញមតិមួយរបស់កាសែត New York Times ដែលសរសេរដោយមនុស្សម្នាក់ដែលកាសែតនេះបញ្ជាក់ថាជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក Trump។ មន្ត្រីនោះបានអះអាងថា សន្ទុះចិត្តមិននឹងនដ៏អាក្រក់បំផុតរបស់លោក Trump ជារឿយៗត្រូវបានទប់ដោយបុគ្គលិកផ្ទាល់របស់លោក។
អ្នកនិពន្ធនៃអត្ថបទនេះបានហៅលោក Trump ថាជាមនុស្ស «គ្មានសីលធម៌» និងជាអ្នកដែល «ជាទូទៅប្រឆាំងនឹងពាណិជ្ជកម្ម និងប្រឆាំងនឹងអ្នកប្រជាធិបតេយ្យ»។
អ្នកនិពន្ធមិនបញ្ចេញឈ្មោះនោះបានសរសេរថា៖ «ការប្រជុំជាមួយលោក Trump គឺជាការប្រជុំដែលចាកប្រធានបទ។ លោក Trump និយាយឡូឡាដដែលៗ ហើយសន្ទុះចិត្តមិននឹងនរបស់លោកបណ្ដាលឲ្យមានការសម្រេចចិត្តគ្មានមូលដ្ឋានច្បាស់លាស់ គ្មានព័ត៌មានគ្រប់គ្រាន់ និងគ្មានការពិចារណាហ្មត់ចត់»៕