លោក​ប្រធានាធិបតី​ ត្រាំ​ ការពារ​ការ​ថត​​រូប​​នៅ​មុខ​វិហារ​គ្រិស្តសាសនាដែលបង្កភាពចម្រូងចម្រាស់​

  • Steve Herman

លោកប្រធានាធិបតី ដូណាល់ ត្រាំ កាន់ព្រះគម្ពីគ្រិស្តសាសនា នៅពេលលោកធ្វើទស្សនកិច្ច នៅព្រះវិហារគ្រិស្ត St. John Church ដែលស្ថិតនៅក្បែរសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ​ ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ការពារ​សកម្មភាពរបស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ពេល​លោកបាន​ដើរទៅថត​រូប​កាន់​គម្ពីរ​គ្រិស្តសាសនា ​នៅ​មុខ​វិហារ​គ្រិស្តសាសនា​មួយ​កន្លែង​ក្បែរ​សេតវិមាន នៅ​តែ​ប៉ុន្មាន​នាទី​ក្រោយ​ពី​ប៉ូលិស​បំបែក​ក្រុម​បាតុករ​នៅ​ទី​នោះ​ដោយ​ហិង្សា។

សកម្មភាព​របស់​លោក​រង​រិះគន់​យ៉ាង​ខ្លាំង​ពី​មេដឹនាំ​នៃ​វិហារ​នេះ ​ព្រម​ទាំង​មេដឹកនាំគ្រិស្តសាសនា​ផ្សេង​ទៀត។​

ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ជាមួយ​វិទ្យុ Fox News ​លោក​ ត្រាំ​ ថា​មេដឹកនាំ​សាសនា​ភាគ​ច្រើន​ពេញ​ចិត្ត​នៅ​ទង្វើ​របស់​លោក​នេះ​ ដោយ​លោក​បញ្ជាក់​ថា «រឿង​អី​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត​។ ខ្ញុំ​បាន​ឈរ​នៅ​មុខ​វិហារ​គ្រិស្តសាសនា​ដែល​បាន​ឆ្លង​កាត់​របួស​ផ្លូវចិត្ត»។

លោក ​ត្រាំ ​ថា វិហារ​ដែល​ត្រូវ​កសាង​តាំង​ពី​សតវត្ស​ទី​១៩​នេះ ​តែង​មាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​អាមេរិក ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​រង​ការ​ដុត​បំផ្លាញ​ក្នុង​អំឡុង​មានផ្ទុះ​បាតុកម្ម​ការ​ចូល​លួច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ ត្រាំ​ ថា​លោក​មិន​បាន​ដឹង​ថា​មាន​បាតុករ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​សេចក្តី​រាយការណ៍​ព័ត៌មាន​ពី​មុន​នោះ​ថា រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​លោក William Barr នៅ​មុន​ដំណើរ​ប្រធានាធិបតី​នោះ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​បំបែក​បាតុករ​ដើម្បី​បើក​ផ្លូវ។

ការ​រៀប​ចំ​របស់​កងការពារ​សម្ងាត់​ Secret Service និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​នីតិវិធី​ធម្មតា។ ប៉ុន្តែ​ សកម្មភាព​បើក​ផ្លូវ​ កាល​ពី​ថ្ងៃ​ច័ន្ទ មាន​ភាព​ខ្លាំង​ក្លា​និង​ហិង្សា​មិន​ធ្លាប់​មាន។ ក្រុម​បាតុករ​និង​អ្នក​កាសែត​ត្រូវ​បាន​ប៉ូលិស​វាយប្រហារ និង​បាញ់​ផ្សែង​គីមី​ដាក់ទៀត។

កាល​ពី​ថ្ងៃ​ពុធ​ដែរ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Mike Esper ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាននៅ​មន្ទីរ​បញ្ចកោណ​ថា ​លោក​បាន​ទៅ​ចូល​ទៅ​ថត​រូប​នៅ​ពេល​នោះ ​ដោយ​មិន​បាន​ដឹង​ជា​មុន ហើយលោក​មិន​គាំទ្រ​ឲ្យ​មានការ​ប្រើ​ច្បាប់​ចំណាស់​ប្រឆាំង​នឹង​ការ​បោះបោរ (Insurrection Act) ដែល​នឹង​អនុញ្ញាត​ឲ្យ​លោកប្រធានាធិបតី​ ត្រាំ អាច​ប្រើ​កម្លាំង​ទាហាន​ជាតិ ​ដើម្បី​បង្ក្រាប​បាតុកម្ម​នៅ​តាម​រដ្ឋ​នានា។

បាតុកម្ម​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​លោក George Floyd​។ បាតុកម្ម​ទាំង​នេះ​ភាគ​ច្រើន​បាន​ធ្វើ​បន្ត​ដោយ​សន្តិវិធី​នៅ​ពេល​នេះ ប៉ុន្តែ​បាតុកម្ម​ជា​ច្រើន​បន្ត​ធ្វើ​ បើ​ទោះ​បី​មាន​បម្រាម​គោចរ​នៅ​តាម​ទី​ក្រុង​ជាច្រើន​របស់​សហរដ្ឋ​អាមេរិកក្តី៕