អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់ខ្លាំងក្លាអាចនឹងកើតឡើង នៅពេលដែលខ្យល់ព្យុះត្រូពិច Isaias ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងក្លានៅយប់ថ្ងៃច័ន្ទនេះនៅតំបន់ចន្លោះព្រំប្រទល់រវាងរដ្ឋ North Carolina និងរដ្ឋ South Carolina។
មជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាជាតិបានបញ្ជាក់ថា ចំណុចកណ្ដាលនៃខ្យល់ព្យុះ Isaias នៅតែស្ថិតនៅតំបន់សមុទ្រមិនឆ្ងាយប៉ុន្មានពីឆ្នេរ នៅពេលដែលវាធ្វើដំណើរឆ្លងកាត់រដ្ឋ Florida កាល់ពីយប់ថ្ងៃអាទិត្យ និងរដ្ឋ Georgia នៅថ្ងៃច័ន្ទនេះ។
ខ្យល់ព្យុះ Isaias មានកម្លាំងខ្យល់ថេរក្នុងកម្រិតអតិបរមា ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅព្រឹកថ្ងៃច័ន្ទនេះ និងត្រូវគេរំពឹងថានឹងនៅតែជាខ្យល់ព្យុះត្រូពិចដ៏ខ្លាំងក្លាដដែលនៅពេលដែលវាបង្អុរភ្លៀង។
លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ភាពអាសន្នលើរដ្ឋ North Carolina មុនពេលខ្យល់ព្យុះនេះធ្វើដំណើរមកដល់ ដើម្បីទុកជំនួយសម្រាប់អាជ្ញាធរសហព័ន្ធនៅក្នុងការជួយទីក្រុងនានាក្នុងរដ្ឋនេះទប់ទល់នឹងគ្រោះមហន្តរាយនេះ។ កាលពីថ្ងៃសៅរ៍ លោក Trump ក៏ប្រកាសស្រដៀងគ្នានេះដែរសម្រាប់រដ្ឋ Florida៕