លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ភោជនីយដ្ឋានមួយនៅក្នុងរដ្ឋ Virginia ដែលបានស្នើសុំឲ្យអ្នកស្រី Sarah Huckabee Sanders ដែលជាអ្នកនាំពាក្យរបស់លោកចាកចេញ ដោយសារតែអ្នកស្រីធ្វើការឲ្យលោកនិងជាអ្នកនិយាយតំណាងឲ្យលោក។
អ្នកស្រី Sanders កំពុងតែទទួលទានអាហារពេលល្ងាចជាមួយនឹងស្វាមីនិងមិត្តភក្តិរបស់អ្នកស្រីកាលពីយប់ថ្ងៃសុក្រ នៅឯភោជនីយដ្ឋាន Red Hen ក្នុងក្រុង Lexington រដ្ឋ Virginia ដែលមានចម្ងាយ៣០០គីឡូម៉ែត្រប៉ែកអាគ្នេយ៍នៃរដ្ឋធានី វ៉ាស៊ីនតោន នៅពេលដែលម្ចាស់ភោជនីយដ្ឋាននេះ គឺអ្នកស្រី Stephanie Wilkinson បានស្នើឲ្យអ្នកស្រី Sanders ចាកចេញ។ អ្នកស្រី Sanders និងមិត្តភក្តិដទៃទៀតបាននាំគ្នាចាកចេញភ្លាមៗ ខណៈដែលពួកគេបានចាប់ផ្តើមទទួលទានអាហារសម្រន់និងបានហៅម្ហូបរួចហើយ។
អ្នកស្រី Wilkinson បានថ្លែងប្រាប់កាសែត The Washington Post ថា អ្នកស្រីបាននិយាយទៅកាន់អ្នកស្រី Sanders ថា ភោជនីយដ្ឋាននេះមានបទដ្ឋានជាក់លាក់ ដែលត្រូវមាន ដូចជាភាពស្មោះត្រង់ ក្តីមេត្តាធម៌ និងការសហប្រតិបត្តិការ ដែលលក្ខខណ្ឌទាំងនេះគឺជាអ្វីដែលអ្នកស្រីមានអារម្មណ៍ថា អ្នកស្រី Sanders និងលោក ត្រាំ គ្មាននោះទេ។
អ្នកស្រី Wilkinson បានថ្លែងថា បុគ្គលិករបស់អ្នកស្រីមួយចំនួនគឺជាមនុស្សភេទទីបី ហើយរដ្ឋបាលរបស់លោក ត្រាំ បានហាមឃាត់មនុស្សប្តូរភេទមិនឲ្យចូលបម្រើកងទ័ពនោះទេ៕