ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះដែលលោកនឹងចូលរួមនៅសប្តាហ៍នេះនៅប្រទេសប៊ែលហ្ស៊ិក។ លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម tweeter កាលពីថ្ងៃចន្ទថា «សហរដ្ឋអាមេរិកកំពុងចំណាយប្រាក់ទៅលើអង្គការអូតង់ច្រើនជាងប្រទេសដទៃទៀត។ វាមិនយុត្តិធម៌ទេ ហើយវាក៏មិនអាចទទួលយកបានដែរ»។
លោកបានបន្ថែមថា «ខណៈពេលដែលប្រទេសទាំងនេះបានបង្កើនការរួមចំណែករបស់ខ្លួនចាប់តាំងពីខ្ញុំឡើងកាន់តំណែងមកនោះ ពួកគេត្រូវរួមចំណែកច្រើនថែមទៀត»។ លោក Trump គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាចំពោះអង្គការអូតង់ ចាប់តាំងពីលោកបានចាប់ផ្តើមធ្វើយុទ្ធនាការធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ ២០១៧ លោកត្រាំបានអះអាងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារក្រុមសម្ព័ន្ធមិត្តអូតង់ ប៉ុន្តែលោកបានបន្តរិះគន់ការផ្តល់ថវិការបស់អង្គការអូតង់ ដោយលើកហេតុផលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឈមនឹងបន្ទុកហិរញ្ញវត្ថុច្រើនពេក។ ក្នុងអំឡុងពេលជួបជុំគ្នាកាលពីសប្តាហ៍មុននៅរដ្ឋ Montana លោក Trump បានប្តេជ្ញាថា លោកនឹងប្រាប់សមាជិកអង្គការអូតង់ថា ពួកគេត្រូវចាប់ផ្តើមបង្កើនវិភាគទាន។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ជនជាតិអាមេរិកាំងជា «អ្នកចំណាយប្រាក់សម្រាប់រឿងទាំងមូល»។
អង្គការអូតង់បានឲ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់មូលនិធិប្រហែល ៧០ ភាគរយនៃការចំណាយអង្គការនេះនៅក្នុងឆ្នាំ២០១៧។ ប្រទេសសមាជិកចំនួន២៩ របស់អង្គការអូតង់បានចូលរួមវិភាគទានដល់អង្គការនេះតាមទំហំនៃសេដ្ឋកិច្ចរបស់ពួកគេ៕