លោកត្រាំ​រិះគន់​ជំហរ​ចិន​រឿង​ពាណិជ្ជកម្ម តែ​មិន​បាន​រិះគន់​បញ្ហា​នៅ​ហុងកុង​ទេ

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយពីហេតុការណ៍បាញ់ប្រហារដ៏ប្រល័យមួយនៅក្រុង El Paso រដ្ឋ Texas និងក្រុង Dayton រដ្ឋ Ohio នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពិថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

អ្នកប្រឆាំង​មើល​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ ថា​ជា​ការផ្តល់​សេរីភាព​ដល់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ក្នុង​ការចាប់ខ្លួន​ជនប្រឆាំង និង​លុកលុយ​ចូល​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង។ មនុស្ស​រាប់​លាន​នាក់ បាន​ប្រមូលផ្តុំ​គ្នាប្រឆាំងនឹង​សេចក្តី​ព្រាង​ច្បាប់​នេះតាំងពី​ខែមិថុនា។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​វាយប្រហារ​ទៅ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​ចិន ក៏ប៉ុន្តែបដិសេធ​មិន​រិះគន់​លើ​សម្ពាធ​របស់​ក្រុងប៉េកាំង​ដែល​ដាក់​ទៅ​លើ​ទីក្រុង​ហុងកុង​ទេ។

នៅក្នុង​ការថ្លែង​សុន្ទរកថា​នៅ​ទីក្រុង Pittsburg កាលពី​ថ្ងៃអង្គារ​ទី ១៣ ខែសីហា​កន្លង​ទៅ​នេះ លោក​ត្រាំ បាន​និយាយ​ថា ប្រទេស​ចិនបាន​ប្រើប្រាស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ប្រយោជន៍​ខ្លួនឯង និង​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន ដើម្បី​ធ្វើឲ្យ​ខ្លួន​ឯង​មាន​ប្រៀប​នៅ​ក្នុង​រឿង​ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ លោកត្រាំ​បាន​និយាយ​ថា ភាពតានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ហុងកុង គឺ​ពួកគេ​ផ្ទាល់​ជា​អ្នក​ដោះស្រាយ។

បាតុកម្ម​នៅ​អាកាសយាន្តដ្ឋានក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃអង្គារបាន​ក្លាយទៅ​ជា​អំពើ​ហិង្សា​គ្រាដែល​ក្រុមបាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ដែល​បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការធ្វើដំណើរ។ លោក​ប្រធានាធិបតី ត្រាំ បាន​ហៅ​ហេតុការណ៍​នេះ​ថា ជា​ស្ថានការណ៍​ដ៏​លំបាក​មួយ ហើយ​បង្ហាញ​ក្តីសង្ឃឹម​ថា អ្វីៗ​នឹង​បញ្ចប់​ទៅ​ដោយ​ល្អ។

លោក​ប្រធានាធិបតី ត្រាំ ថ្លែងថា៖

«បញ្ហា​នៅ​ទីក្រុង​ហុងកុង គឺ​ជា​ស្ថានការ​ដ៏​លំបាក​មួយ គឺ​ពិតជា​លំបាក​មួយ។ យើង​នឹង​ចាំ​មើល​ថា នឹង​មាន​អ្វី​កើត​ឡើង។ ក៏ប៉ុន្តែ ខ្ញុំ​ប្រាកដ​ថា នឹង​មាន​ដំណោះស្រាយ។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​សម្រាប់​គ្រប់ភាគី​ទាំងអស់ រួមទាំង​ប្រទេស​ចិន​ផងដែរ»។

កាលពី​ព្រឹក​ថ្ងៃអង្គារ លោកត្រាំ​បាន​និយាយ​ថា លោក​បាន​ដឹង​ថា ទីក្រុង​ប៉េកាំង បាន​ដាក់​ពង្រាយ​ទ័ព​នៅ​ព្រំដែន​ទីក្រុង​ហុងកុង ហើយ​បាន​អំពាវនាវ​ឲ្យ​គ្រប់គ្នា «ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​រក្សា​សុវត្ថិភាព»។ ក៏ប៉ុន្តែ លោកត្រាំ បាន​បដិសេធ​មិន​បង្ហាញ​ជំហរ​របស់​លោក​នោះ​ទេ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ណ្ណ​ជនសង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅ​ប្រទេស​ចិនដី​គោក។

អ្នកប្រឆាំង​មើល​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នេះ ថា​ជា​ការផ្តល់​សេរីភាព​ដល់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ក្នុង​ការចាប់ខ្លួន​ជនប្រឆាំង និង​លុកលុយ​ចូល​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង។ មនុស្ស​រាប់​លាន​នាក់ បាន​ប្រមូលផ្តុំ​គ្នាប្រឆាំងនឹង​សេចក្តី​ព្រាង​ច្បាប់​នេះតាំងពី​ខែមិថុនា។

ក៏ប៉ុន្តែចំពោះ​ប្រធានបទ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​វិញ លោក Trump បាន​និយាយ​ឌឺដង​ខ្លះៗ​ទៅ​លើ​ប្រទេស​ចិន កាលពី​ថ្ងៃអង្គារ។

«ប្រទេស​ចិន បាន​ធ្វើឲ្យ​ខ្លួន​ឯង​មាន​ភាពប្រសើរ​ឡើង។ ពួកគេ​ធ្វើបាន​ល្អ​ណាស់។ ក៏ប៉ុន្តែ វា​ជា​ការកេង​ចំណេញ​លើ​ប្រទេស​យើង​រាប់ឆ្នាំ​មក​ហើយ ហើយ​រឿង​នេះ​ វា​បាន​កើត​ឡើង​តាម​រយៈ​ប្រាក់​របស់​យើង និង​ការគាំទ្រ​ពី​សំណាក់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ហើយ​បន្ទាប់​មក​ពួកគេ បាន​ទាញប្រយោជន៍​ពី​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ហើយ​ពាក្យ «ទាញប្រយោជន៍» ​នេះ គឺ​ខ្ញុំ​ប្រើ​ពាក្យ​ល្អ​ហើយ»។

លោកត្រាំក៏​បាន​ចោទ​ប្រទេសចិន​រឿង​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​ផងដែរ ដែល​រឿង​នេះ ទីក្រុង​ប៉េកាំង​បាន​បដិសេធ។ អ្នកវិភាគ​ខ្លះ​បាន​គាំទ្រ​ការអះអាង​របស់​ប្រទេស​ចិន។ លោក Christopher Dembik ជា​អ្នកវិភាគ​ម៉ាក្រូសេដ្ឋកិច្ច​នៅ​ធនាគារ Saxo ថ្លែង​ថា៖

«និយាយទៅ ប្រទេស​ចិន​មិន​បានធ្វើអ្វី​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​អត្រា​ប្តូរ​ប្រាក់​ទេ។ ដូច​ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ចង្អុល​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ថា អត្រា​ប្តូរ​ប្រាក់យ័ន​របស់​ចិន មាន​ភាពសមស្រប​ទៅ​តាម​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។ ដូច្នេះ វា​ខុស​ទាំងស្រុង​ដែល​លោក​ប្រធានាធិបតីត្រាំ និយាយ​ថា ចិន​បាន​ដំឡើង​ការប្រប្រកួត​ប្រជែង​របស់​ខ្លួន​ដោយ​បន្ទាប​តម្លៃ​ប្រាក់យ័ន​របស់​ខ្លួន​ឯង​នោះ»។

លោកត្រាំ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិកបាន​ចំណេញ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ តាមរយៈ​ការដាក់​ពន្ធ​ទៅ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ក៏ប៉ុន្តែកាលពី​ថ្ងៃអង្គារ លោក​បាន​ប្រកាស​អំពី​ការសម្រេច​របស់​លោកក្នុង​ការពន្យា​ពេល​ការដាក់​ពន្ធ​បន្ថែម​ទៅ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន រហូត​ដល់​ពាក់​កណ្តាល​ខែធ្នូ​ខាងមុខ​នេះ ដើម្បី​ជួយ​ដល់​អតិថិជន​អាមេរិកាំង៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់