ប្រធានា​ធិបតី​ដូណាល់ ​ត្រាំអាច​តែងតាំង​លោក Pompeo នាយក CIA ជំនួស​លោករដ្ឋ​មន្រ្តីការ​បរទេស Tillerson

រូបភាព​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump​ ដើរ​ជាមួយ​នឹងរដ្ឋលេខាធិការ​ក្រសួង​ការបរទេសលោក Rex Tillerson នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពិន​កាលពី​ថ្ងៃទិ​១៤ វិច្ឆិកា ២០១៧។

ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍ខាងមុខ​ទៀត​នេះ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អា មេរិកដូណាល់ ​ត្រាំ​ប្រហែល​តែងតាំង​លោក Mike Pompeo នាយកទីភ្នាក់​ងារស៊ើបការណ៍​សម្ងាត់​កណ្តាល​សហរដ្ឋ​អាមេរិក(CIA)ឲ្យ​ជំនួស​លោក Rex Tillerson​ រដ្ឋមន្រ្តី​ការបរទេស។ នេះតាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ដែល​បាន​ដក​ស្រង់​សម្តី​ពួក​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃ​ព្រហស្បត៍។

បណ្តាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ជាច្រើន​បាន​រាយការណ៍​ថា ​ការរុះរើក្រុម​ប្រឹក្សា​សន្តិសុខ​កំពូល​របស់​ប្រធានា​ធិបតីត្រាំ​នេះ​បាន​ស្ថិត​នៅ​ក្រោមការ​ពិចារណា​នៅ​ពេល​ឥឡូវនេះ ​ទោះ​ជា​យ៉ាង​ណាក៏ដោយ ​គេ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយថា តើ​ប្រធានា​ធិបតី​ដូណាល់​ ​ត្រាំ​បាន​ធ្វើ​ការ​សម្រេច​យ៉ាង​ដូចម្តេចទេ។

​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​ពួក​អ្នក​យកព័ត៌មាន​នៅ​សេតវិមាន ​នៅពេល​ដែល​សួរ​អំពី​ជោគវាសនា​របស់​លោករដ្ឋ​មន្រ្តីការ​បរទេស Tillerson ​លោក​ត្រាំ​បាន​និយាយថា «​លោក​ស្ថិត​នៅ​ទី​នេះ។​ លោក Rexបាន​ស្ថិត​នៅ​ទី​នេះ»។លោក​ប្រធានា​ធិបតី​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ផ្សេងទៀត​ទេ។

​សេតវិមាន​បាន​និយាយសម្រាលសេចក្តី​រាយការណ៍​ពីការ​ចាក​ចេញ​របស់​លោក​រដ្ឋ​មន្រ្តីការ​បរទេស Tillerson។

លោកស្រី Sarah Huckabee Sanders អ្នកនាំ​ពាក្យ​សេតវិមាន ​បាន​និយាយថា «ដូចដែល​លោក​ប្រធានា​ធិបតី​ទើប​តែ​បាន​និយាយ​ហើយ​ថា លោក Rex ស្ថិត​នៅ​ទី​នេះ។ ​មិនមាន​ការ​ប្រកាស​អំពី​បញ្ហា​នេះ​នៅពេល​នេះ​ទេ។ លោក​រដ្ឋមន្រ្តី​ការបរ​ទេស​ Tillerson បន្តដឹកនាំ​ក្រសួងការ​បរទេស​ហើយ​គណៈរដ្ឋ​មន្រ្តីទាំង​មូល​បាន​ផ្តោត​លើភាព​ជោគជ័យ​នៃការ​កាន់​អំណាច​ឆ្នាំ​ទី១​របស់​រដ្ឋបាល​របស់​ប្រធានាធិបតី​ ត្រាំ៕