លោក Trump ត្រូវបានកាត់ទោសលើបទព្រហ្មទណ្ឌទាំង៣៤ករណី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦

អតីតប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Donald Trump នៅក្នុង​បន្ទប់​សវនាការ​ក្នុងពេល​សារណាបិទបញ្ចប់​សំណុំរឿង​ប្រាក់​បំបិទមាត់​ ក្នុងតុលាការព្រហ្មទណ្ឌ Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

គណៈវិនិច្ឆ័យ​ក្រុង​ញូវយ៉កកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​កាត់​ទោសអតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ពី​បទ​ព្យាយាម​ដោយ​ខុសច្បាប់​លើ​ការបង្កើន​ឥទ្ធិពលទៅ​លើ​លទ្ធផល​បោះឆ្នោតដ៏​ជោគជ័យ​របស់​លោក​ក្នុង​ឆ្នាំ ២០១៦ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតីអាមេរិក​ដែលគណៈវិនិច្ឆ័យក្នុង​សំឡេង​ឯកច្ឆ័ន​បាន​រក​ឃើញ​ថា ​លោក​មាន​ពិរុទ្ធភាពនៅ​ក្នុង​បទចោទព្រហ្មទណ្ឌ​ទាំង​ ៣៤ ករណី​ដែល​លោក​កំពុង​ប្រឈម។

គណៈវិនិច្ឆ័យដែល​មាន​ចៅក្រម ​១២ ​រូប​បាន​ពិភាក្សា​ពិគ្រោះយោបល់​គ្នា​អស់​រយៈពេល​ពីរ​ថ្ងៃ ​មុនពេល​ចេញ​សាលក្រមប្រឆាំង​នឹងអតីត​ប្រធានាធិបតីអាមេរិក​អាយុ ៧៧ ឆ្នាំ​រូប​នេះ ​នៅ​ក្នុង​សវនាការ​ព្រហ្មទណ្ឌជា​លើក​ដំបូង ​សម្រាប់អតីត​ប្រធានាធិបតី​អាមេរិក​មួយ​រូប។

លោក Trump ត្រូវ​បាន​គេ​សន្មត​ទុក​ជា​មុន​ថា នឹង​ក្លាយ​ជាបេក្ខជនប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋសម្រាប់ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ខាង​មុខ​នេះ​ ដោយ​ត្រូវ​ប្រកួតប្រជែង​ជា​មួយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ ​ដែល​បាន​ឈ្នះ​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០២០។ ប៉ុន្តែ​ពេល​នេះ​លោក Trump ក៏​អាច​ប្រឈមនឹងលទ្ធភាព​ដែល​ត្រូវ​ទទួល​ទោស​ដោយព្យួរ​ដែល​មាន​លក្ខខណ្ឌ ​ឬ​ជាប់ទោស​ក្នុង​ពន្ធនាគា​រហូត​ដល់ ៤ ​ឆ្នាំផង​ដែរ។

ការប្រកាស​សាលក្រម​កាត់ទោសលោក​នឹង​ត្រូវ​កំណត់​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា​ខាង​មុខ​នេះ​ គឺ​ក្នុង​អំឡុង​ពេល​នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ដើម្បី​វិលត្រឡប់​ទៅ​កាន់​សេតវិមាន​ជា​ថ្មី​ និង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ នឹង​ត្រូវរៀបចំ​មហាសន្និបាត​ជាតិ​របស់​ខ្លួន​នៅថ្ងៃ​ទី ១៥ ខែ​កក្កដា ដែល​នៅ​ទី​នោះ​លោក​នឹង​ត្រូវ​បានតែងតាំង​ជា​ផ្លូវការ​ឱ្យធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​របស់​គណបក្ស​នេះ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​ ២០២៤។

មេធាវី​ការពារ​ក្តីលោក ​Trump គឺ​លោក Todd Blanche បាន​ស្នើ​សុំឱ្យ​តុលាការបដិសេធចោលសាលក្រម​នេះ ប៉ុន្តែ​ចៅ​ក្រុម​តុលាការ​កំពូលរដ្ឋ​ញូវយ៉ក​លោក Juan Merchan បាន​ទាត់​ចោល​នូវ​សំណើ​របស់​មេធាវី​រូប​នេះភ្លាមៗ។

នៅ​ក្នុង​បន្ទប់​សវនាការ​ លោក Trump មិន​បាន​បង្ហាញ​ពីអារម្មណ៍​ក្តុកក្តួល​ខ្លាំង​ ក្រោយ​ពី​ដឹង​លទ្ធផល​នៃ​សាលក្រម​នេះ​ឡើយ។ ប៉ុន្តែ​ក្រោយពីដើរ​ចេញ​ពី​បន្ទប់តុលាការជាមួយ​ទឹកមុខ​មាំ លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា​ វា​ជា​សាល​ក្រមដែល «​អាម៉ាស់​មួយ»។

ជា​មួយ​ទឹក​មុខស្រងូតស្រង៉ាត់​ លោក​បាន​សន្យា​ថា​ «រឿង​នេះ​នឹងត្រូវ​បន្ត​យូរទៅ​មុខ​ទៀត»។

នៅ​លើ​បណ្តាញ​សង្គម Truth ​របស់​លោក​លោក Trump បាន​សរសេរ​ថា៖ ​«សិទ្ធិស៊ីវិល​របស់​ខ្ញុំត្រូវ​បាន​គេ​បំពាន​ទាំង​ស្រុង​ជាមួយ​នឹង​ក្រុម​មនុស្ស ​ដែលជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​មាន​លក្ខណៈ​នយោបាយ។ ភាពបរាជ័យ​នៃ​ប្រទេស​ជាតិ​របស់​យើង​ កំពុង​ត្រូវ​បានគេ​សើច​ចំអក​នៅ​ជុំវិញ​ពិភពលោក»។

ក្រោយពី​សាលក្រម​នេះ​ត្រូវ​បាន​ប្រកាស​ភ្លាមៗ ក្រុមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បានផ្ញើសារអ៊ីមែល​រៃអង្គាស​ប្រាក់មួយ​ ដោយ​ភ្ចាប់​ជា​មួយ​នឹង​សំណេរ​របស់​លោក Trump ដែល​មាន​ខ្លឹមសារ​ថា ​«ខ្ញុំ​ជា​អ្នក​ទោស​នយោបាយ»។

លោក Biden មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សាលក្រមដែល​មាន​ពិរុទ្ធភាពនេះ​ឡើយ​ ប៉ុន្តែ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតរបស់​លោក​បានអំពាវនាវ​ដល់អ្នក​បោះឆ្នោត ​មិន​ត្រូវ​បោះឆ្នោត​ឱ្យ​លោក Trump នៅ​ថ្ងៃ​ទី​បោះឆ្នោត​ទី ៥ ខែ​វិច្ឆិកា​ខាង​មុខ​ឡើយ»៕