ក្នុងពេល ៧ សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ លោកប្រធានាធិបតី Donald Trump បានអះអាងថា លោកបាន «ធ្វើការអស្ចារ្យបំផុត» ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ និងកាត់បន្ថយករណីស្លាប់ដោយសារជំងឺនេះ នៅក្នុងប្រទេសឲ្យនៅតិចបំផុត។
លោក Trump ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Nevada កាលពីថ្ងៃសៅរ៍កន្លងមកនេះ បាននិយាយថា សហរដ្ឋអាមេរិក «ជិត» ដោះស្រាយវិបត្តិជំងឺកូវីដ១៩ បានហើយ។ ការលើកឡើងដូចនេះ ត្រូវបានជំទាស់ដោយលោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក។
នៅឯការឃោសនាបោះឆ្នោតមួយកន្លែង លោក Trump បានថ្លែងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកមានចំនួន «ប្រហែល ១៨០.០០០ នាក់» ដែលជាចំនួនតិចជាងតួលេខពិតប្រាកដដែលមានចំនួនជិត ១៩៤.០០០ នៅពេលនោះ។
ទោះបីជាករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នេះ មានចំនួនប្រហែល ៣៥.០០០ ករណី និងករណីស្លាប់មានចំនួនប្រហែល ១ ពាន់នាក់ ជារៀងរាល់ថ្ងៃត្រូវបានគេកត់ត្រានៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញថា៖
«ជាការពិត ចំនួនមនុស្សស្លាប់ និងចំនួនអ្នកចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានធ្លាក់ចុះ ហើយករណីឆ្លងក៏ធ្លាក់ចុះផងដែរ ទោះបីជាសហរដ្ឋអាមេរិកធ្វើតេស្តរកជំងឺកូវីដ១៩ ច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោកក៏ដោយ»។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលជាគូប្រជែងរបស់លោក Trump មិនបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ទេ ប៉ុន្តែលោកធ្លាប់បាននិយាយកន្លងមកថា ការណ៍ដែលលោក Trump ធ្វើឲ្យសាធារណជនយល់ច្រឡំ គឺជា «ការក្បត់ប្រជាពលដ្ឋអាមេរិកាំងរឿងស្លាប់រស់»។
លោក Biden បានបន្ថែមថា៖ «លោក Trump ដឹងថា ជំងឺកូវីដ១៩ នេះ កាចសាហាវប៉ុណ្ណា ប៉ុន្តែលោកនៅតែមើលស្រាលជំងឺនេះដោយចេតនា»៕