លោកប្រធានាធិបតីស.រ.អ. ដូណាល់ត្រាំ បានប្រគល់គ្រឿងឥស្សរិយយសស៊ីវិលខ្ពស់បំផុតឱ្យអ្នកសេដ្ឋសាស្ត្រម្នាក់នៅសម័យលោក Reagan កាន់ តំណែងប្រធានាធិបតីស.រ.អា.ដែលបានជួយធ្វើឱ្យគេនិយមជាទូទៅថាការកាត់បន្ថយពន្ធដារនាំឱ្យសេដ្ឋកិច្ចលូតលាស់លឿនជាងមុន។
លោក ត្រាំ បាន ប្រគល់មេដាយសេរីភាពប្រធានាធិបតីឱ្យលោក Arthur Laffer នៅក្នុងពិធីមួយនាសេតវិមានកាលពីថ្ងៃពុធទី១៩ ខែមិថុនា។ ពួកសាធារណរដ្ឋបានកោតសរសើរអ្នកសេដ្ឋសាស្ត្ររូបនេះដែលមានភាពចម្រូងចម្រាស់ ក៏ប៉ុន្តែមានមនុស្សច្រើននាក់មិនយល់ស្របជាមួយទ្រឹស្តីដែលលោកបានឧបត្ថម្ភផ្ចុងផ្តើមទេ។
នៅក្នុងសុន្ទរកថាដែលលោកបានថ្លែងនៅក្នុងពិធីទទួលមេដាយក្នុងសេតវិមាន លោក ត្រាំ បានសរសើរស្ថានភាពសេដ្ឋកិច្ចស.រ.អា.ហើយលោកបានផ្តល់កិត្តិយសច្រើនដល់គោលនយោបាយសេដ្ឋកិច្ចឧបត្ថម្ភផ្ចុងផ្តើមដោយលោក Laffer ហើយបានត្រូវដាក់ឱ្យអនុវត្តដោយលោកអតីតប្រធានាធិបតី Ronald Reagan។
លោក ត្រាំ បាននិយាយថា៖ «នៅពេលសព្វថ្ងៃនេះ ប្រទេសជាតិយើងខ្លាំងជាងមុន ប្រជារាស្ត្រយើងសម្បូររុងរឿងជាងមុន ហើយពិភពលោកក៏ជាកន្លែងមួយល្អប្រសើរជាងមុនផងដែរដោយសារប្រាជ្ញាឈ្លាសវៃនិងភាពមុះមុតរបស់លោកបណ្ឌិត Arthur Laffer»។
លោក Laffer បានត្រូវស្គាល់ច្រើនដោយសារអ្វីដែលហៅថា «បន្ទាត់កោង Laffer» ភាសាអង់គ្លេសហៅថា Laffer curve ដែលជាគំនូរទ្រឹស្តីមួយលោកបានគូរនៅលើក្រដាសជូតមាត់នៅពេលបរិភោគអាហារដើម្បីបង្ហាញទំនាក់ទំនងរវាងអត្រាពន្ធដារនិងទឹកប្រាក់ចំណូលបានមកពីការប្រមូលពន្ធដារដោយរដ្ឋាភិបាល។
លោក ត្រាំ បានថ្លែងថា៖ «គំនូរនោះបានបង្ហាញថាប្រសិនបើអត្រាពន្ធដារខ្ពស់ពេក ប្រជារាស្ត្រឈប់ចាយវាយហើយឈប់ធ្វើវិនិយោគ។ លទ្ធផលគឺមានការលូតលាស់តិចជាងមុន ហើយមានប្រាក់ចំណូលពីពន្ធដារតិចជាងមុនផងដែរ»។
ទ្រឹស្តីនេះដែលមិនបានត្រូវផ្តើមគំនិតដោយលោក Laffer នោះ មានប្រជាប្រិយ ភាពជាមួយពួកសាធារណរដ្ឋ ក៏ប៉ុន្តែពួកអ្នកជំនាញនិយាយថាគ្មានការសិក្សាប្រាកដប្រជាថាវាត្រូវទេ។ ពួកអ្នករិះគន់ក៏បានចង្អុលបង្ហាញថាសេដ្ឋកិច្ច ស.រ.អា. មានការលូតលាស់ក្នុងរយៈពេលខ្លះនៅពេលដែលអត្រាពន្ធដារមានកម្រិតខ្ពស់រហូតដល់៩០ភាគរយផងនោះ។
កាលពីថ្ងៃពុធទី១៩ខែមិថុនា ធនាគារកណ្តាលស.រ.អា.បានប្រកាសថាអត្រាការប្រាក់នឹងគ្មានការប្រែប្រួលទេរហូតដល់ដំណាច់ឆ្នាំនេះ។
លោក Jerome Powell ដែលជាប្រធានធនាគារកណ្តាលស.រ.អា.បានមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ សេដ្ឋកិច្ចមានស្ថានភាពល្អគួរសម ដោយមានមូលដ្ឋានមាំទាំ គាំទ្រការលូតលាស់តទៅទៀតនិងការមានការងារច្រើន។
អតិផរណាមានទាបជាងការរំពឹងទុក ក៏ប៉ុន្តែយើងរំពឹងថា វានឹងកើនខ្ពស់ជាងមុនគាំទ្រដោយការលូតលាស់រឹងមាំនិងផ្សារការងារខ្លាំងមួយ»។
លោកប្រធានធនាគារកណ្តាលស.រ.អា. Jerome Powell បាននិយាយថាគេរំពឹងថាសេដ្ឋកិច្ចស.រ.អា.នឹងនៅតែខ្លាំងក៏ប៉ុន្តែវាអាចមានការប្រែប្រួលដោយសារ«ការអភិវឌ្ឍពាណិជ្ជកម្មនិងកង្វល់អំពីការលូតលាស់សាកល»។
លោក Jerome Powell បានថ្លែងថា៖ «យើងមានការខ្វល់ខ្វាយខ្លះដែរអំពីហានិភ័យនៃការប្រមើលមើលអំពីអនាគត។ យើងប្រុងប្រៀបដើម្បីចាត់វិធានការនិងប្រើប្រាស់មធ្យោបាយរបស់យើងតាមសេចក្តីត្រូវការដើម្បីធ្វើឱ្យការរីកចម្រើនមានតទៅទៀត»។
ពួកអ្នកសេដ្ឋសាស្ត្ររំពឹងថា ធនាគារកណ្តាលស.រ.អា.នឹងកាត់បន្ថយអត្រាការប្រាក់ម្តងឬពីរដងក្នុងឆ្នាំនេះជាលើកដំបូងក្នុងមួយទសវត្សរ៍មកនេះ។ អត្រាផ្តល់ប្រាក់សហព័ន្ធមានផលប៉ះពាល់លើអត្រានៃការខ្ចីប្រាក់របស់ពួកអតិថិជន និងការខ្ចីប្រាក់សម្រាប់ធ្វើជំនួញហើយក៏អាចមានផលប៉ះពាល់លើសេដ្ឋកិច្ចផងដែរ៕
ប្រែសម្រួលដោយ ឈឹម សុមេធ