ដោយហៅប្រទេសកូរ៉េខាងជើងថា ជារបបផ្តាច់ការគ្មាន «សីលធម៌» និង «សាហាវ ព្រៃផ្សៃ» លោកប្រធានាធិបតីដូណាល់ ត្រាំ នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទី១របស់លោក ជាថ្មីម្តងទៀតបានសន្យាដាក់ការគៀបសង្កត់អតិបរមាដើម្បីរារាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងកុំឲ្យអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលដែលអាចគំរាមកំហែងដីគោកសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីដូណាល់ ត្រាំបានមានប្រសាសន៍ថា៖ «បទពិសោធន៍កាលពីអតីតកាលបានបង្រៀនយើងថា ការមិនខ្វល់ខ្វាយនិងការផ្តល់សម្បទានគ្រាន់តែធ្វើឲ្យមានភាពគក្លើននិងការបង្កហេតុតែប៉ុណ្ណោះ។ ខ្ញុំនឹងមិនធ្វើឲ្យមានកំហុសដូចរដ្ឋបាលមុនៗទេដែលបានដាក់យើងចូលក្នុងទីតាំងដ៏គ្រោះថ្នាក់នេះ»។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំមានភាពអត់ធ្មត់ច្រើនជាងកាលពីពេលមុននៅពេលដែលលោកបានហៅមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ថា «បុរសរ៉ុក្កែតតូច»។ លោកប្រធានាធិបតីត្រាំមិនបានរំឭកពីលទ្ធភាពនៃការប្រើកម្លាំង ថ្វីបើមានរបាយការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋបាលរបស់លោកត្រាំកំពុងពិចារណាពីការចាប់ផ្តើមការវាយប្រហារខាងយោធាមានកម្រិតមួយនៅក្នុងការឆ្លើយតបទៅនឹងការបង្កហេតុនៅពេលអនាគត។
លោក Bong Young-shik ជាអ្នកវិភាគនយោបាយនៅវិទ្យាស្ថានសម្រាប់ការសិក្សាពីប្រទេសកូរ៉េខាងជើងនៃសាកលវិទ្យាល័យ Yonsei ក្នុងរដ្ឋធានីសេអ៊ូលបាននិយាយថា៖ «ខ្ញុំមិនដឹងថាតើនេះជាព័ត៌មានល្អសម្រាប់រដ្ឋបាលរបស់លោកត្រាំសម្រាប់ធ្វើការជ្រើសរើសការទាក់ទងខាងការទូតកាន់តែច្រើនឡើងឆ្ពោះទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ឬរដ្ឋបាលរបស់លោកត្រាំកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងអំពីការចាត់វិធានការផ្សេងទៀត រួមមានជម្រើសខាងយោធាផង»។
កាលពីឆ្នាំទៅ ការតានតឹងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានរីកកាន់តែធំឡើងដោយសារការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងអភិវឌ្ឍន៍កាំជ្រួចមីស៊ីលដែលបំពាក់ក្បាលនុយក្លេអ៊ែរដែលមានលទ្ធភាពបាញ់ដល់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់លោកត្រាំបានដឹកនាំការខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងលើប្រទេសកូរ៉េខាងជើង ក៏ប៉ុន្តែ ក៏បានបញ្ជាក់ផងដែរថា កម្លាំងយោធានៅតែជាជម្រើសមួយដើម្បីដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងដល់ដីគោករបស់សហរដ្ឋអាមេរិក។
ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានគាំទ្រដើម្បីបង្កើនការទាក់ទងដើម្បីកាត់បន្ថយការតានតឹង ហើយកាលពីពេលថ្មីៗនេះបានចរចាយ៉ាងហោចណាស់ឲ្យមានការផ្អាក បណ្តោះអាសន្ននៅក្នុងការសាកល្បងកាំជ្រួចមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយការបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Pyeong Chang នៅពេលខាងមុខនេះ។សហរដ្ឋអាមេរិកក៏បានយល់ព្រមពន្យារពេលសមយុទ្ធខាងយោធារួមគ្នាជាមួយកូរ៉េខាងត្បូងរហូតទាល់តែក្រោយការប្រកួតកីឡាអូឡាំពិកដើម្បីឲ្យមានការចូលរួមដោយសន្តិវិធីរបស់កូរ៉េខាងជើង។
ក្នុងសុន្ទករថារបស់លោក ប្រធានាធិបតីត្រាំហាក់ដូចជាជជែកឲ្យហេតុផលថា មិនមានការសម្របសម្រួលជាមួយរដ្ឋាភិបាលព្រៃផ្សៃនិងជិះជាន់សង្កត់សង្កិនរបស់គីម ជុងអ៊ុន ទេ។
ប្រធានាធិបតីត្រាំបាននិយាយថា៖ «យើងចាំបាច់ពិនិត្យមើលអាកប្បកិរិយាគ្មានសីលធម៌របស់របបកូរ៉េខាងជើងដើម្បីយល់ពីលក្ខណៈនៃការគំរាមកំហែងនុយក្លេអ៊ែរដែលអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។
លោកប្រធានាធិបតីត្រាំបានរំឭកឡើងវិញថា បទពិសោធន៍ដ៏ខ្លោចផ្សារបស់លោក Otto Warmbier ដែលបានស្លាប់កាលពីឆ្នាំទៅ ភ្លាមៗបន្ទាប់ពីត្រូវបានដោះលែងពីប្រទេសកូរ៉េខាងជើងខណៈដែលស្ថិតក្នុងស្ថានភាពភ្លឹក។ និស្សិតអាមេរិកាំងរូបនោះបានទៅទស្សនាប្រទេសកូរ៉េខាងជើងនៅឆ្នាំ២០១៦ ហើយបានត្រូវចាប់ខ្លួនលើបទចោទប្រកាន់ពីការប៉ុនប៉ងលួចខិតប័ណ្ណឃោសនា។លោកបានត្រូវកាត់ទោសឲ្យធ្វើការងារជាទម្ងន់ចំនួន១៥ឆ្នាំ ក៏ប៉ុន្តែ បានភ្លឹកភ្លាមៗដោយលោកមិនបានដឹងខ្លួនឡើងវិញ។ លោក Warmbier បានស្ថិតនៅក្នុងពន្ធនាគារអស់រយៈពេលជិត១ឆ្នាំដោយមិនមានការថែទាំខាងសុខភាពត្រឹមត្រូវនៅពេលដែលស្ថានភាពរបស់លោកបានបន្តកាន់តែយ៉ាប់យ៉ឺនឡើងៗ។
លោក Fred និងលោកស្រី Cindy Warmbier ដែលជាឪពុកម្តាយរបស់លោកបានត្រូវលោកប្រធានាធិបតីអញ្ជើញឲ្យចូលរួមក្នុងសុន្ទរកថាស្តីពីស្ថានភាពរបស់សហព័ន្ធ បានយំនៅពេលដែលប្រធានាធិបតីត្រាំបានចង្អុលពួកអស់លោកនៅក្នុងសាលប្រជុំដែលជា «សាក្សីដ៏សំខាន់ដល់ការគំរាមកំហែងដែលគំរាមកំហែងពិភពលោករបស់យើង»។
លោកប្រធានាធិបតីត្រាំបានចុចយកភ្ញៀវដែលបានអញ្ជើញម្នាក់ទៀតគឺលោក Ji Seong-ho អ្នករត់ចោលប្រទេសជាតិកូរ៉េខាងជើង ថាជា «សាក្សីដ៏ខ្លាំងម្នាក់ទៀតដល់ការគំរាមកំហែងរបស់របបនេះ»។ ក្នុងឆ្នាំ១៩៩៦លោក Ji បានបាត់បង់ដៃម្ខាងនិងជើងម្ខាងនៅពេលដែលលោកបានធ្លាក់ពីរទេះភ្លើងដែលកំពុងបើកខណៈដែលលួចធ្យូងថ្មដើម្បីចម្អិនម្ហូប ក្នុងអំឡុងនៃការអត់ឃ្លានដែលពលរដ្ឋកូរ៉េខាងជើងរាប់លាននាក់បានស្លាប់ដោយសារការអត់អាហារ។ លោកបានពិការជើង ហើយក្រោយមកបានត្រូវគេធ្វើទារុណកម្មមុនពេលគេចខ្លួនចេញពីកូរ៉េខាងជើងដោយប្រើឈើច្រត់។
លោក Ji ឥឡូវនេះជាសកម្មជនសិទ្ធិមនុស្សជាមួយអង្គការ Now Action And Unity សម្រាប់សិទ្ធិមនុស្ស ហើយបានទាក់ទិននៅក្នុងការផ្សាយវិទ្យុទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនៅទីនោះរដ្ឋព្យាយាមរឹតត្បិតមិនឲ្យពលរដ្ឋស្តាប់ការ ផ្សាយរបស់បរទេស។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា៖ «លោក Ji សព្វថ្ងៃនេះរស់នៅទីក្រុងសេអ៊ូល ដែលនៅទីនោះលោកបានជួយសង្គ្រោះពួកអ្នករត់ចោលប្រទេសផ្សេងទៀត ហើយបានផ្សាយវិទ្យុទៅកាន់កូរ៉េខាងជើងអំពីអ្វីដែលរបបនោះភ័យខ្លាចបំផុតគឺអំពីការពិត»។
អ្វីដែលនាំឲ្យមានការព្រួយកង្វល់ថា សហរដ្ឋអាមេរិកប្រហែលប្រុងប្រៀបសកម្មភាពខាងយោធាជាមុនដើម្បីដោះស្រាយការគំរាមកំហែងរបស់កូរ៉េខាងជើងគឺសេចក្តីរាយការណ៍ដែលនិយាយថា ការតែងតាំងលោក Victor Cha ជាឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានត្រូវដកវិញ។ លោក Cha ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown ហើយនិងជាអតីតទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិស្តីពីកិច្ចការកូរ៉េខាងជើងក្នុងអំឡុងរដ្ឋបាលរបស់ប្រធានាធិបតី George W. Bush។
សរសេរនៅក្នុងកាសែត Washington Post កាលពីថ្ងៃអង្គារ លោក Cha បាននិយាយថា លោកជំទាស់ប្រឆាំងពួកមន្ត្រីសេតវិមានដែលប្រើកម្លាំងប្រឆាំងនឹង កូរ៉េខាងជើង ខណៈដែលលោកស្ថិតនៅក្រោមការពិចារណាសម្រាប់តំណែងជាឯកអគ្គរដ្ឋទូតនោះ។
លោក Cha បាននិយាយទៀតថា លោកសង្ឃឹមថា «ការវាយប្រហារខាងយោធាជាមុននឹងធ្វើឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងដឹងពីកម្លាំងរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែសេចក្តីសង្ឃឹមនេះត្រូវតែពិចារណាអំពីផលប៉ះពាល់ជាក់ស្តែង»។
លោក Cha បានជជែកឲ្យហេតុផលថា ដោយសារសមត្ថភាពកាំជ្រួចមីស៊ីលនិងកាំភ្លើងធំរបស់កូរ៉េខាងជើង លោកប្រធានាធិបតីត្រាំនឹងធ្វើឲ្យជីវិតរបស់ពលរដ្ឋកូរ៉េខាងត្បូង និងជប៉ុនរាប់លាននាក់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយការសន្មត់ថា មេដឹកនាំល្ងីល្ងឺនិងមានគំនិតអន់នឹងត្រូវភិតភ័យដោយការបង្ហាញកម្លាំងយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន