លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អ.ខាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃអាទិត្យ បានទទួលសារភាពថាលោកបាត់បង់ការគាំទ្រពីក្រុមស្ត្រីអ្នកបោះឆ្នោត។ ក៏ប៉ុន្តែលោកបានបន្ទោសអំពីការខាតបង់ការគាំទ្រនេះទៅលើបណ្តាញផ្សាយព័ត៌មានដែលបានរាយការណ៍អំពីស្ត្រីដែលលោកបាននិយាយថា បានចោទប្រកាន់លោកដោយខុសថាលោកបានលូកលាន់ខាងកាមគុណលើពួកគេ។
លោក Trump បាននិយាយនៅក្នុងគណនី Twitter របស់លោកថាការស្ទង់មតិក្នុងប្រទេសបង្ហាញថា ការឃោសនាបោះឆ្នោតរបស់លោកប្រឆាំងនឹងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅតែប្រកិតៗគ្នា។ លោកនិយាយថា៖ «ក៏ប៉ុន្តែលោកអ្នកអាចជឿឬទេថាខ្ញុំបានបាត់បង់ការគាំទ្រពីអ្នកបោះឆ្នោតស្ត្រីច្រើននាក់ ផ្អែកទៅលើហេតុការណ៍ដែលបានត្រូវប្រឌិតដែលមិនបានកើតមានសោះ។ បណ្តាញផ្សាយព័ត៌មានប្រើមធ្យោបាយមិនសុចរិតអំពីការបោះឆ្នោត»។
នៅក្នុង Tweet មួយទៀត លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យបាននិយាយអះអាងទៀតថា បណ្តាញផ្សាយព័ត៌មានរបស់ប្រទេសលម្អៀងប្រឆាំងនឹងលោក នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយមានការសម្របសម្រួលជាមួយក្រុមអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យលោកស្រី Clinton ដោយផ្សព្វផ្សាយរឿងដែលមិនបានកើតមានសោះនៅក្នុងព័ត៌មានរបស់ពួកគេ។
បេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី Clinton គឺលោក Tim Caine សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Virginia បានចំអកដល់ការចោទប្រកាន់របស់លោក Trump ដោយលោកបានមានប្រសាសន៍ប្រាប់អ្នកសម្ភាសន៍លោកម្នាក់ថា៖ «គាត់បន្ទោសបណ្តាញផ្សាយព័ត៌មាន។ គាត់បន្ទោសពួកសាធារណរដ្ឋ។ គាត់និយាយថាប្រទេសអាមេរិកមិនអាចរៀបចំការបោះឆ្នោតដោយយុត្តិធម៌បានទេ។ គាត់យោលទៅយោលមកតាមការស្រមើស្រមៃរបស់គាត់ថាមានពួកសត្រូវយាយីគាត់ពីព្រោះគាត់ដឹងខ្លួនថាគាត់នឹងចាញ់ឆ្នោត»។
ការស្ទង់មតិមួយនៅទូទាំងប្រទេសធ្វើឡើងដោយ Real Clear Politics បង្ហាញថាលោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.នាំមុខលោក Trump ចំនួន៥,៥ភាគរយ។ ការស្ទង់មតិធំៗពីរបានត្រូវផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ដោយការស្ទង់មតិរួមរវាងកាសែត The Washington Post និងទូរទស្សន៍ ABC បង្ហាញថា លោកស្រី Clinton ឈ្នះលោក Trump ៤៧ភាគរយទល់នឹង៤៣ភាគរយក្នុងចំណោមក្រុមប្រជារាស្ត្រអាមេរិកាំងដែលទំនងជានឹងទៅបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ។
ចំណែកឯបណ្តាញទូរទស្សន៍ NBC News និងកាសែត The Wall Street Journal បាននិយាយថា ការស្ទង់មតិរបស់ពួកគេបង្ហាញថា លោកស្រី Clinton ឈ្នះលោក Trump ៤៨ភាគរយទល់នឹង៣៧ភាគរយ៕