ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្ថយទោសជាប់ពន្ធនាគារដល់លោក Roger Stone ដែលជាទីប្រឹក្សាជាយូរមកហើយរបស់លោក ក្នុងពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនលោក Stone ត្រូវជាប់ពន្ធនាគារ។
លោក Stone ត្រូវបានផ្តន្ទាទោសពីបទកុហកក្រោមពាក្យសម្បថ និងរារាំងដំណើរការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៤ ខែ។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «លោក Roger Stone បានរងគ្រោះខ្លាំងក្លារួចទៅហើយ។ លោកត្រូវបានគេប្រព្រឹត្តមកលើដោយអយុត្តិធម៌ គឺដូចជាអ្នកដទៃជាច្រើនទៀតដែរនៅក្នុងសំណុំរឿងនេះ។ ឥឡូវនេះ លោក Roger Stone គឺជាអ្នកគ្មានទោស!»។
ការបន្ថយទោសនេះគឺមិនមែនមានន័យថាជាការលើកលែងទោសទាំងស្រុងនោះទេ ហើយមិនបានលុបចោលការផ្តន្ទាទោសអំពីបទឧក្រិដ្ឋចំពោះលោក Stone តាមវិធីដែលការលើកលែងទោសអាចធ្វើបាននោះដែរ។ ប៉ុន្តែ ការបន្ថយទោសនេះគឺអាចការពារលោក Stone មិនឲ្យជាប់ពន្ធនាគារបាន។
លោក Stone ត្រូវបានគេគ្រោងឲ្យចាប់ផ្ដើមការបំពេញទោសជាប់ពន្ធនាគាររបស់លោកនៅក្នុងរដ្ឋ Georgia នៅថ្ងៃអង្គារខាងមុខ បន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធបានច្រានចោលសំណើរបស់លោកដែលចង់ឲ្យពន្យារពេលកាលបរិច្ឆេទចូលខ្លួនជាប់ពន្ធនាគារ។
បន្ទាប់ពីលោក Trump បានប្រកាសអំពីការបន្ថយទោសនេះមក លោក Stone បានដើរចេញពីផ្ទះរបស់លោកនៅក្នុងទីក្រុង Fort Lauderdale រដ្ឋ Floria ដោយពាក់ម៉ាស់ដែលសរសេរអក្សរថា «ដោះលែងលោក Roger Stone» និងបានប្រាប់អ្នកកាសែតថា៖ «នេះគឺជាសុបិន្តអាក្រក់ដ៏គួរឲ្យរន្ធត់ នៅពេលដែលអ្នកដឹងថា ការស៊ើបអង្កេត [អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦] នេះមិនដែលមានការចាប់ផ្ដើមស្របច្បាប់នោះ។ វាគឺជាការតាមព្យាបាទ»៕