លោក Donald Trump និងលោកស្រី Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរ នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងរដ្ឋណាដែលខ្លួនបានទទួលជ័យជម្នះលើកដំបូងបង្អស់នៅក្នុងការបោះឆ្នោតបឋម នៃដំណើរឆ្ពោះទៅធ្វើជាប្រធានាធិបតីនាអាណត្តិបន្ទាប់របស់សហរដ្ឋអាមេរិក។
លោក Trump នឹងថ្លែងនៅក្នុងរដ្ឋ New Hampshire រីឯលោកស្រី Clinton វិញ នឹងថ្លែងនៅក្នុងរដ្ឋ Iowa ដែលរដ្ឋទាំងពីរនេះ ជារដ្ឋដែលបានដើរតួនាទីសំខាន់បំផុតនៅក្នុងការរៀបចំការបោះឆ្នោតក្នុងអំឡុងពេលនៃដំណើរការតែងតាំងបេក្ខជនប្រធានាធិបតីប្រចាំគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលបានចាប់ផ្ដើមកាលពី ៨ ខែមុនម្ល៉េះ។ ប៉ុន្តែ រដ្ឋទាំងពីរនេះនឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះចំពោះលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខនេះ។
មូលហេតុគឺដោយសារប្រព័ន្ធស្ថាប័នរើសប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិក ដែលផ្ដល់ឥទ្ធិពលខ្លាំងនៅក្នុងការបោះឆ្នោតរើសប្រធានាធិបតីនេះទៅឲ្យរដ្ឋណាដែលមានប្រជាជនច្រើនរស់នៅ ដូចជារដ្ឋ Michigan ជាដើម ដែលលោក Trump នឹងថ្លែងនៅក្នុងរដ្ឋនេះនៅថ្ងៃសុក្រស្អែក និងរដ្ឋ Florida ដែលលោកស្រី Clinton នឹងថ្លែងនៅក្នុងរដ្ឋនេះនៅថ្ងៃសុក្រស្អែកដែរ។ រដ្ឋ Michigan មានបេក្ខជនតំណាងចំនួន ១៦ រូប នៅក្នុងស្ថាប័នរើសប្រធានាធិបតី។ ចំណែកឯរដ្ឋ Florida វិញ មានបេក្ខជនតំណាងចំនួន ២៩ រូប។ រីឯរដ្ឋ Iowa និងរដ្ឋ New Hampshire ទាំងពីរនេះវិញ មានបេក្ខជនតំណាងចំនួន ១០ រូប។
បន្ទាប់ពីបញ្ចប់ការដេញដោលតទល់គ្នាកាលពីថ្ងៃច័ន្ទកន្លងទៅនេះ អ្នកវិភាគឯករាជ្យភាគច្រើនថា លោកស្រី Clinton ឈ្នះលោក Trump។
ចំណែកឯទីប្រឹក្សារបស់លោក Trump វិញ ពួកគេបាននិយាយថា ពួកគេបានបាក់ទឹកចិត្តចំពោះការសម្ដែងឡើងរបស់លោក Trump នៅក្នុងការដេញដោលនេះ និងមានគោលបំណងចង់ឲ្យលោក Trump ហាត់សមឲ្យបានច្រើនជាមុនសិន នៅមុនពេលការដេញដោលតទល់គ្នាលើកទីពីរចូលមកដល់នៅថ្ងៃទី ៩ ខែតុលា ខាងមុខនេះ៕