លោកប្រធានាធិបតីស.រ.អា. Donald Trump អះអាងការគ្មានទោសនៅក្នុងការកាត់ក្តីលោក Paul Manafort អតីតប្រធានការឃោសនាបោះឆ្នោតរបស់លោក នៅក្រោយចៅក្រមសហព័ន្ធម្នាក់សម្រេចថាលោក Manafort គួរជាប់គុក៤៧ខែដោយសារប្រព្រឹត្តបទបន្លំខាងពន្ធដារនិងខាងធនាគារ។
លោក Trump បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍មិនល្អសម្រាប់លោក PaulManafort។ ខ្ញុំយល់ថា វាជាពេលវេលាតឹងតែងសម្រាប់គាត់»។ លោកប្រធានាធិបតីបាននិយាយដូច្នេះ នៅពេលលោកចាកចេញពីសេតវិមានកាលពីព្រឹកថ្ងៃសុក្រទីកាន់រដ្ឋ Alabama ដើម្បីពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះសង្ឃរាដ៏ប្រល័យក្នុងសប្តាហ៍នេះ។
លោក Trump បាននិយាយថា៖ «ក៏ប៉ុន្តែ ប្រសិនបើលោកអ្នកកត់សម្គាល់ លោកអ្នកឃើញថាទាំងមេធាវីរបស់លោក Manafort ដែលជាបុរសម្នាក់មានការគោរពច្រើននិងទាំងចៅក្រមដែលមានគេគោរពខ្លាំងណាស់នោះ ចៅក្រមនេះបាននិយាយថាគ្មានការឃុបឃិតជាមួយប្រទេសរុស្ស៊ីទេ»។
កាលពីពេលមុននោះក្នុងថ្ងៃនោះ លោក Trump បាន tweet ថាការស៊ើបអង្កេតអំពី ការឃុបឃិតរបស់រុស្ស៊ីដឹកនាំដោយលោក Robert Mueller រដ្ឋអាជ្ញាពិសេសជា «ការបន្លំថាមានការឃុបឃិតដើម្បីតាមព្យាបាទ»។
កាលពីថ្ងៃព្រហស្បតិ៍ លោក T.S. Ellis ចៅក្រមតុលាការតំបន់ស.រ.អា.បាន និយាយថាលោក Manafort មិនមែន «ស្ថិតនៅចំពោះមុខតុលាការនេះដើម្បីអ្វីដែលទាក់ទងនឹងការឃុបឃិតជាមួយរដ្ឋាភិបាលរុស្សីដើម្បីធ្វើឱ្យមានឥទ្ធិពលលើការបោះឆ្នោតទេ» ហើយលោកក៏បានចង្អុលបង្ហាញដែរថាលោក Manafort មិនមែនត្រូវកាត់ទោសអំពីទីដៅចំបងនៃការស៊ើបអង្កេតរបស់លោក Mueller ទេ--គឺអំពីថាតើពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក Trump បានឃុបឃិតជាមួយប្រទេសរុស្ស៊ីដើម្បីឱ្យមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦ឬទេ។
នៅក្នុងការកាត់ក្តីនោះ ចៅក្រមរូបនេះមិនបានបដិសេធអំពីលទ្ធភាពនៃការមានការឃុបឃិតរវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក Trump ទេ៕