លោក​ប្រធានាធិបតី​ត្រាំ​បាន​អះអាង​ពី​ជោគជ័យ​ដ៏​មហិមា​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​បន្ទប់​ទទួល​អាហារ​បែប​ការទូត​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ពុធ​ទី​១៥​ មួយ​ថ្ងៃ​បន្ទាប់​ពី​ទស្សនកិច្ច​១២ថ្ងៃ​នៅ​អាស៊ី​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​ដូណាល់​ ត្រាំ​ បាន​អួត​ពី «ជោគ​ជ័យ​ដ៏​មហិមា»​ ក្នុង​ការ​ជំរុញ​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ចម្រើន​ទៅ​មុខ​ទៀត។​

អំឡុង​ពេល​លោក​នៅ​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ ចិន​ វៀតណាម​ និង​ ហ្វីលីពីន​ លោក​ត្រាំ​បាន​ធ្វើ​តាម​ទស្សនៈ​ «ផល​ប្រយោជន៍​អាមេរិក​មុន​គេ»​ ក្នុង​ការ​ស្វែង​រក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ល្អ​សម្រាប់​សហរដ្ឋអាមេរិក។​ លោក​ក៏​បាន​ជំរុញ​កូរ៉េ​ខាង​ជើង​កុំ​ឲ្យ​សាក​ល្បង​នឹង​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ការ​ពារ​ខ្លួន​ឯង​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។ ខណៈ​ដែល​លោក​ត្រាំ​បាន​អះអាង​ពី​ការ​ជោគ​ជ័យ​ដែល​មិន​ធ្លាប់​កើត​មាន​ពី​ទស្សនកិច្ច​របស់​លោក​ ចំណង​ជើង​សារ​ព័ត៌មាន​ទាំង​ឡាយ​ភ្លាមៗ​បន្ទាប់​ពី​សុន្ទរកថា​នោះ​បែរ​ជា​ផ្ដោត​លើ​ការ​ផ្អាក​មួយ​ភ្លែត​របស់​លោក​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នោះ​ដើម្បី​ក្រេប​ទឹក​មួយ​ក្អឹក​ទៅ​វិញ​ ជា​អ្វី​ដែល​លោក​ត្រាំ​ធ្លាប់​រិះគន់​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ Marco Rubio​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​កន្លង​ទៅ។

ដោយ​មិន​អើ​ពើ​នឹង​បាតុកម្ម​ទាំង​អស់​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​អាស៊ី ​ដូច​ជា​បាតុកម្ម​មួយ​នៅ​ទីក្រុង​ម៉ានីល​ លោក​ត្រាំ​ ផ្តោត​សំខាន់​លើ​ពិធី​ស្វាគមន៍​ជា​ផ្លូវ​ការ​វិញ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​ដូណាល់​ ត្រាំ​ បាន​មាន​ប្រសាសន៍​ថា៖

«គ្រប់​កន្លែង​ដែល​យើង​បាន​ទៅ​ ប្រទេស​ម្ចាស់​ផ្ទះ​បាន​ស្វាគមន៍​គណៈ​ប្រតិភូ​សហ​រដ្ឋ​អាមេរិក​រួម​ទាំង​ខ្ញុំ ប្រកបដោយ​ភាព​កក់​ក្ដៅ​ ភាព​រួសរាយ​ ហើយ​សំខាន់​ជាង​គេ​នោះ​គឺ​ការ​គោរព​ ហើយ​ការ​គោរព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ប្រទេស​យើង​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​សារ​ជាថ្មី​និង​ជំហរ​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ពិភពលោក​គឺ​មិន​ដែល​ខ្លាំង​ខ្លា​ដូច​ពេល​នេះ​ឡើយ»។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា​ លោក​បាន​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​ដែល​យុត្តិធម៌​សម្រាប់​សហរដ្ឋ​អាមេរិក​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​ប្រទេស​៥នេះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា៖

«យើង​នឹង​មិន​បិទ​ភ្នែក​ចំពោះ​ពាណិជ្ជកម្ម​ណា​ដែល​មាន​ការ​បំពាន​ បោក​បញ្ឆោត​ ការ​ឈ្លាន​ពាន​សេដ្ឋកិច្ច​ ឬ​ អ្វី​ផ្សេង​ទៀត​ពី​ប្រទេស​ដែល​អះ​អាង​ពី​ជំនឿ​ទៅ​លើ​ពាណិជ្ជកម្ម​បើក​ចំហ​ ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​ច្បាប់​ ឬ​ ក៏​ធ្វើ​តាម​គោលការណ៍​របស់​ខ្លួន​ឯង​ទៀត​ឡើយ»។

លោក​ត្រាំ​ ក៏​បាន​អះអាង​ពី​ជោគ​ជ័យ​ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ ជាពិសេស​ប្រទេស​ចិន​ ចូល​រួម​ក្នុង​ការ​ប្រឆាំង​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​កូរ៉េ​ខាង​ជើង។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា៖

«នៅ​កិច្ច​ប្រជុំ​កំពូល​និង​ទស្សនកិច្ច​ទាំង​មូល​ យើង​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​អស់​គាំ​ទ្រ​យុទ្ធនាការ​យើង​ក្នុង​ការ​ដាក់​សម្ពាធ​អតិបរមា​ទៅ​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​ដក​សព្វាវុធ​នុយក្លេអ៊ែរ។ ហើយ​ពួក​គេ​បាន​ឆ្លើយ​តប​វិញ​ដោយ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ជា​មួយ​កូរ៉េ​ខាង​ជើង​ ដាក់​កំហិត​ចំណង​ហិរញ្ញវត្ថុ​ ហើយ​និទ្ទេស​អ្នក​ការទូត​និង​អ្នក​ធ្វើការ​របស់​កូរ៉េ​ខាង​ជើង​ចេញ»។

លោក​ក៏​បាន​ស្នើ​វិធី​ឆ្ពោះ​ទៅ​សន្តិភាព​ដល់រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្រោម​លក្ខ​ខណ្ឌ​ជាក់ស្ដែង​មួយ​ចំនួន។ កូរ៉េ​ខាងជើង​បាន​ច្រាន​ចោល​ហើយ​ចោទប្រកាន់​ថា​លោក​ត្រាំ​«អង្វរ​សុំ​សង្គ្រាម​នុយក្លេអ៊ែរ»។

ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ពុធទី​១៥ បាន​ប្រកាស​ថា​ពួកគេ​នឹង​បញ្ជូន​តំណាង​ពិសេស​ទៅ​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​សុក្រ​ ប៉ុន្តែ​គេ​មិន​បាន​និយាយ​ថា​តំណាង​ពិសេស​នោះនឹង​ពិភាក្សា​ពី​កម្មវិធី​កាំជ្រួច​នុយក្លេអ៊ែរ​ទេ។

សុន្ទរកថា​របស់​លោក​ត្រាំ​ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត​នៅ​ពេល​លោក​ឈប់​មួយ​ភ្លែត​ដើម្បី​ពិសា​ទឹក។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ដូណាល់​ ត្រាំ​ បាន​មាន​ប្រសាសន៍​ថា៖

«សហគ្រាស​ជប៉ុន​ ដូច​ជា​ក្រុម​ហ៊ុន​ Toyota​ និង​ Mazda​ បាន​ប្រកាស​បើក​រោងចក្រ​ថ្មី​នៅ​សហរដ្ឋអាមេរិក​ដែល​បង្កើត​ការងារ​បាន៤ពាន់​កន្លែង»។

ក្រុម​អ្នក​រិះ​គន់​លោក​ត្រាំ​ជា​ញឹក​ញាប់​បាន​និយាយ​ថា​វោហារសាស្ត្រ​ដ៏​ចម្រូងចម្រាស​របស់​លោក​បាន​បន្ថយ​ការ​គោរព​ពី​ពិភពលោក​មក​លើ​សហរដ្ឋ​អាមេរិក។ លោក​ត្រាំ​បាន​ថ្លែង​ថា​ទស្សនកិច្ច​នេះ​បាន​បញ្ជាក់​ផ្ទុយ​ពី​នេះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ដូណាល់​ ត្រាំ​ បាន​បន្ត​ថា៖

«ពលរដ្ឋ​ខ្ញុំ​ទាំង​អស់​គ្នា​ សហរដ្ឋអាមេរិក​បាន​ត្រឡប់​មក​វិញ​ ហើយ​អនាគត​នឹង​ល្អ​ប្រសើរ»។

លោក​ត្រាំ​បាន​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ាស៊ីហ្វិក​ហើយ​ថ្លែង​ថា​លោក​នឹង​ស្វែង​រក​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​វិញ។​ នៅ​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​ ប្រទេស​អាស៊ី​ចំនួន​១១​ បាន​សម្រេច​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្នុង​តំបន់​ដោយ​មិន​មាន​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង