ប្រទេសម៉ិកស៊ិកគ្រោងនឹងពង្រាយទាហាននៅព្រំដែនភាគខាងត្បូងរបស់ខ្លួនជាប់នឹងប្រទេសហ្គាតេម៉ាឡានៅថ្ងៃពុធនេះ ដែលនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកដើម្បីរារាំងជនចំណាកស្រុកដែលធ្វើដំណើរមកពីទ្វីបអាមេរិកកណ្ដាលកាត់តាមប្រទេសម៉ិកស៊ិកដើម្បីចូលក្នុងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បានប្រាប់អ្នកកាសែតថា ការពង្រាយទាហាន ៦ ពាន់នាក់នៅឯព្រំដែន និងនៅតាមកន្លែងផ្សេងទៀតនៅទូទាំងប្រទេសនេះ នឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ ទោះបីជាលោកមិនបានបញ្ជាក់ថាតើដំណើរការនេះនឹងបញ្ចប់រួចរាល់ឆាប់ប៉ុណ្ណាក៏ដោយ។
លោក Ebrard បានអានឯកសារមួយ ដែលលោកបានបញ្ជូនទៅព្រឹទ្ធសភាម៉ិកស៊ិក ដែលឯកសារនោះរៀបរាប់លំអិតអំពីការចរចាដែលឈានទៅដល់កិច្ចព្រមព្រៀងមួយអំពីរឿងអន្តោប្រវេសន៍ និងសន្តិសុខជាមួយនឹងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។
កិច្ចព្រមព្រៀងនេះក៏មានបញ្ជាក់ផងដែរអំពីកម្មវិធីមួយដែលតម្រូវឲ្យជនចំណាកស្រុករង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក នៅពេលដែលពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិកកំពុងដំណើរការ ហើយក៏បានលើកឡើងផងដែរអំពីការប្ដេជ្ញារបស់ប្រទេសទាំងពីរនៅក្នុងការធ្វើការលើកិច្ចការអភិវឌ្ឍនានានៅទ្វីបអាមេរិកកណ្ដាល។
នៅក្នុងលិខិតរបស់លោក Ebrard ដែលផ្ញើទៅកាន់ព្រឹទ្ធសភាម៉ិកស៊ិក លោកបាននិយាយថា មន្ត្រីសហរដ្ឋអាមេរិកបានជំរុញម្ដងហើយម្ដងទៀតឲ្យប្រទេសម៉ិកស៊ិកយល់ព្រមចំពោះខសន្យាអំពីប្រទេសទីបីដែលមានសុវត្ថិភាព ប៉ុន្តែមន្ត្រីម៉ិកស៊ិកមិនឯកភាពតាម។
លោក Ebrard បានបញ្ជាក់ថា ជំនួសមកវិញ ភាគីទាំងពីរបានឯកភាពគ្នារង់ចាំ ៤៥ ថ្ងៃ ដើម្បីវាយតម្លៃអំពីប្រសិទ្ធភាពនៃវិធានការផ្សេងៗ ហើយប្រសិនបើអនុវត្តវិធានការផ្សេងៗអស់ហើយ ហើយលំហូរជនចំណាកស្រុកមកកាន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកនៅតែច្រើន នោះភាគីទាំងពីរនឹងធ្វើការចរចាបន្ថែមទៀត៕