ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមមេធាវីរបស់លោកបានបង្អាក់ទាំងស្រុងដល់ការអះអាងរបស់សមាជិកគណបក្សប្រជាធិបតេយ្យដែលថា លោកគួរតែត្រូវបានចោទប្រកាន់និងដកចេញពីតំណែង។
មួយថ្ងៃបន្ទាប់ពីក្រុមមេធាវីរបស់លោក ត្រាំ បានចាប់ផ្ដើមការពារក្ដីឲ្យលោកនៅក្នុងការជំនុំជម្រះដោយព្រឹទ្ធសភា លោកបានសរសេរសារលើ Twitter ថា៖ «ការចោទប្រកាន់ដកប្រធានាធិបតីពីតំណែងនេះគឺជារឿងបោកបញ្ឆោត។ វាគឺជាការជ្រៀតជ្រែកយ៉ាងខ្លាំងក្លានៅក្នុងការបោះឆ្នោត ដែលមិនធ្លាប់មានពីមុនមក»។
លោក ត្រាំ បាននិយាយវាយប្រហារប្រធានក្រុមរដ្ឋអាជ្ញានៃរឿងក្ដីនេះខាងគណបក្សប្រជាធិបតេយ្យ លោក Adam Schiff យ៉ាងដូច្នេះថា៖ «លោកគឺជាអ្នកនយោបាយពុករលួយម្នាក់ និងប្រហែលជាមនុស្សឆ្កួតលីលាខ្លាំងម្នាក់។ លោកនៅមិនទាន់បានសងមកវិញចំពោះអ្វីដែលលោកបានធ្វើមកលើប្រទេសរបស់យើងនោះទេ»។
សវនាការលើរឿងក្ដីរបស់លោក ត្រាំ នឹងចាប់ផ្ដើមដំណើរការបន្ដទៀតនៅថ្ងៃច័ន្ទនេះ មុនពេលដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំង១០០នាក់សម្រេចទៅលើជោគវាសនារបស់លោក៕