ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចខិតខំប្រឹងប្រែងជាមួយកូរ៉េខាងជើងក្នុងការរំសាយអាវុធនុយក្លេអ៊ែរ កំពុងដំណើរការយ៉ាងល្អ។
លោកមានកិច្ចប្រជុំដ៏មិនគួរឱ្យជឿជាក់មួយកាលពីថ្ងៃសុក្រជាមួយបេសកជននុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺលោក Kim Yong Chol ហើយថា ប្រទេសមួយត្រូវបានគេជ្រើសរើសជាទីកន្លែងសម្រាប់ជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «យើងបានយល់ព្រមជួបគ្នានៅចុងខែកុម្ភៈ។ យើងបានជ្រើសរើសយកប្រទេសមួយសម្រាប់ជំនួយនេះ ប៉ុន្តែយើងនឹងប្រកាសថា នៅប្រទេសណាក្នុងពេលអនាគត។លោក គីម ជុងអ៊ុន ទន្ទឹងរង់ចាំជំនួបនេះហើយខ្ញុំក៏អ៊ីចឹងដែរ»។
របាយការណ៍បណ្តាញព័ត៌មានអាមេរិកាំងដកស្រង់សម្តីប្រភពនានាដែលនិយាយថា ទីក្រុងដាណាង ប្រទេសវៀតណាមគឺជាជម្រើសមួយនៃជម្រើសសម្រាប់កិច្ចប្រជុំនោះ។
សេចក្តីរាយការណ៍លើកដំបូងអំពីកិច្ចប្រជុំនេះលេចឡើងបន្ទាប់ពីលោក ត្រាំជួបជាមួយលោក Kim Yong Cholបេសកជនកំពូលនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រនៅក្នុងការិយាល័យប្រធានាធិបតីនៅសេតវិមាន។ មន្ត្រីសេតវិមាននិយាយថា កិច្ចប្រជុំនោះ«ពិភាក្សាអំពីកិច្ចប្រឹងប្រែងដើម្បីឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន»។
កិច្ចប្រជុំកាលពីថ្ងៃសុក្ររវាងលោក ត្រាំ ជាមួយអតីតមេចារកម្មកូរ៉េខាងជើងដែលជារឿយៗត្រូវបានគេចាត់ទុកថា ជាដៃស្ដាំរបស់លោក គីម ជុងអ៊ុន នោះមានរយៈពេល៩០នាទី។ ក្រោយពីកិច្ចប្រជុំនេះ លេខាព័ត៌មានសេតវិមានលោកស្រី SarahSanders បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលកំពុងបន្ត «ធ្វើឱ្យជឿនលឿន»លើបញ្ហានេះ៕