សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រធានាធិបតីស.រ.អា.
Donald Trump និងប្រធានាធិបតីចិន Xi Junping បានបញ្ជាក់ជាថ្មីទៀតអំពីការប្តេជ្ញាទៅវិញទៅមករបស់អស់លោកក្នុងការធ្វើមិនឱ្យមានអាវុធបរមាណូក្នុងឧបទ្វីបកូរ៉េនៅក្នុងការនិយាយគ្នាតាមទូរស័ព្ទមួយកាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍នេះចែងថាមេដឹកនាំទាំងពីរនាក់នេះបានបញ្ជាក់ថាការអនុម័តកាលពីពេលថ្មីៗនេះនៃសេចក្តីសម្រេចចិត្តថ្មីមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ស្តីពីប្រទេសកូរ៉េខាងជើងជាវិធានការសំខាន់និងចាំបាច់មួយឆ្ពោះទៅកាន់ការធ្វើឱ្យមានសន្តិភាពនិងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការណ៍នេះរបស់សេតវិមានបាននិយាយថាប្រធានាធិបតីទាំងពីរនាក់នេះក៏បានបញ្ជាក់ជាថ្មីដែរអំពីការប្តេជ្ញាទៅវិញទៅមករបស់អស់លោកក្នុងការធ្វើកុំឱ្យមានអាវុធបរមាណូក្នុងឧបទ្វីបកូរ៉េហើយបានយល់ស្របគ្នាថាប្រទេសកូរ៉េខាងជើងត្រូវតែបញ្ឈប់អាកប្បកិរិយាបង្ករឿងនិងបង្កើនភាពតានតឹងរបស់ផងខ្លួន។
កាលពីថ្ងៃសុក្រ Trump បានចេញផ្សាយការព្រមានថ្មីមួយដល់កូរ៉េខាងជើងដោយនិយាយថាកងយោធាស.រ.អា.«ប្រុងប្រៀប»រួចស្រេចហើយនៅពេលដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្កើនការចោទប្រកាន់ថាមេដឹកនាំស.រ.អា.រូបនេះរុញច្រានឧបទ្វីបកូរ៉េឱ្យចូលក្នុងភ្លើងសង្គ្រាមបរមាណូ។
ប្រធានាធិបតី Trump បាននិយាយជាថ្មីទៀតអំពីការព្រមានកាលពីពេលមុនៗរបស់គាត់ដល់ប្រទេសកូរ៉េខាងជើងប្រឆាំងនឹងការគំរាមកំហែងឬការធ្វើសកម្មភាពលើកោះ Guam ដោយគាត់បាននិយាយថា «ប្រសិនបើមានអ្វីកើតមានឡើងដល់កោះ Guam ការណ៍នេះនឹងនាំឱ្យមានបញ្ហាធំក្នុងប្រទេសកូរ៉េខាងជើង»។ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានគំរាមកំហែងថានឹងបាញ់កាំជ្រួចមីស៊ីល ទៅកាន់កោះ Guam ដែលជាដែនដីស.រ.អា.នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមានមូលដ្ឋានយោធាស.រ.អា.ធំៗនៅទីនោះ៕