ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ និយាយនៅថ្ងៃចន្ទនេះថា ចិនបានធ្វើការសម្រេចដើម្បីបន្តការចរចាពាណិជ្ជកម្ម ជាចំណាត់ការមួយដែលកើតមានបន្ទាប់ពីប្រទេសទាំង២ បានប្រកាសការដំឡើងពន្ធគយយ៉ាងខ្លាំងនៅពេលថ្មីៗនេះ។
ថ្លែងនៅឯជំនួបរបស់មេដឹកនាំក្រុម G7 នៅក្នុងប្រទេសបារាំង ប្រធានាធិបតីត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចិនបានទូរស័ព្ទមកអ្នកតំណាងពាណិជ្ជកម្មជាន់ខ្ពស់សហរដ្ឋអាមេរិកហើយបាននិយាយថា នឹងត្រឡប់ទៅកាន់តុចរចាវិញ។
លោកប្រធានាធិបតីត្រាំ បានហៅសុច្ឆន្ទៈនៃការបន្តការចរចានេះថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពិភពលោក។
ប្រធានាធិបតីត្រាំ បាននិយាយថា «ចិនចង់ធ្វើឲ្យការចរចានេះបានសម្រេច។ ឥឡូវនេះ ប្រហែលយើង នឹងមិនបានសម្រេចជោគជ័យទេ ក៏ប៉ុន្តែ នេះជាលើកទី១ដែលខ្ញុំបានឃើញពួកគេចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ហើយ ខ្ញុំគិតថា នេះជាសញ្ញាវិជ្ជមានមួយ»។
លោកប្រធានាធិបតីត្រាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថាតើលោកបានទាក់ទងដោយផ្ទាល់ជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីងដែរឬទេ ក៏ប៉ុន្តែ លោកត្រាំ បានសរសើរលោកស៊ីម្តងហើយម្តងទៀតដោយបានហៅលោកថា ជាមេដឹកនាំដ៏អស្ចារ្ស។
អត្ថាធិប្បាយរបស់ប្រធានាធិបតីត្រាំ បានកើតមានឡើងបន្ទាប់ពីលោក Liu He អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិន បាននិយាយនៅថ្ងៃចន្ទនេះថា ចិនមានឆន្ទៈចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្មដែលកំពុងកើតមានឡើងនេះហើយថាចិន ជំទាស់ប្រឆាំងការរីកកាន់តែធំឡើងនូវសង្គ្រាមពាណិជ្ជកម្មនេះ។
ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមានភាពធូរស្រាលបន្តិចដល់ផ្សារភាគហ៊ុនដ៏សំខាន់នៅក្នុងប្រទេសជប៉ុន ទីក្រុងហុងកុងនៅថ្ងៃចន្ទនេះ៕