លោក​ត្រាំ​​រំលាយ​ក្រុមប្រឹក្សា​ធុរកិច្ច​បន្ទាប់​ពី​​នាយក​ប្រតិបត្តិ​មួយ​ចំនួន​​លាលែង​ពី​តំណែង​ជុំវិញ​​បញ្ហា​នៅ​ទីក្រុង Charlottesville

រូបភាពឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump កំពុង​ចេញ​ដំណើរ​ពីសេតវិមាន​ទៅទីក្រុង​ញូវយ៉ក។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បន្ត​ប្រឈម​នឹង​ការ​រិះគន់​ពី​គ្រប់ទិសទី​ចំពោះ​ការ​លើកឡើង​របស់​លោក​ដែល​ថា ទាំង​អ្នក​តវ៉ា​ខាង​ពួក​ស្បែកស​ដែល​យល់​ថា​ខ្លួន​ឯង​ល្អ​ដាច់គេ​និង​អ្នក​តវ៉ា​ប្រឆាំង​នឹង​ពួកគេ គឺ​សុទ្ធ​តែ​មាន​កំហុស ចំពោះ​អំពើ​ហិង្សា​ដ៏​ប្រល័យ​នេះ ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​សប្តាហ៍​នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ​ Virginia។

កាល​ពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា លោក​បាន​រំលាយ​គណៈកម្មាធិការ​ផ្តល់​ប្រឹក្សា​ខាង​ធុរកិច្ច​ចំនួន​២ ដែល​រួម​មាន​នាយក​ប្រតិបត្តិ​សហគ្រាស​អាមេរិក​កំពូលៗ បន្ទាប់​ពី​នាយក​ប្រតិបត្តិ​យ៉ាង​ហោច​ណាស់​៧​នាក់​បាន​ប្រកាស​ថា ពួកគេ​នឹង​លាលែង​ពី​តំណែង​នៅ​ក្នុង​ក្រុមប្រឹក្សា ដោយសារ​តែ​សុន្ទរកថា​របស់​លោក។ ​

លោក ត្រាំ បាន​ថ្លែង​ថា «ជាជាង​ដាក់​សំពាធ​ទៅ​លើ​អ្នក​ជំនួញ ខ្ញុំ​រំលាយ​ទាំងពីរ។ អរគុណ​អ្នក​ទាំងអស់​គ្នា‍»។ កាល​ពី​មួយ​ថ្ងៃ​មុន​នេះ លោក ត្រាំ បាន​ហៅ​អ្នក​ដែល​លាលែង​ពី​តំណែង​នៅ​ក្នុង​គណៈកម្មាធិការ​នោះ ថា​ជា​អ្នក​ឈរ​មើល ហើយ​ពួកគេ​អាច​ត្រូវ​បាន​អ្នក​ផ្សេង​ដែល​ជា​ប្រធាន​សាជីវកម្ម​កាន់​តំណែង​ជំនួស​។

នៅ​ក្នុង​ការ​ប្រកាស​អំពី​ការ​លាលែង​ពី​តំណែង​ក្នុង​គំនិត​ផ្តួចផ្តើម​ការងារ​ខាង​រោងចក្រ​របស់​លោក ត្រាំ នៅ​មុន​ពេល​ដែល​លោក​រំលាយ​វា​ចោល​នោះ លោកស្រី Denise Morrison នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Campbell's Soup បាន​មាន​ប្រសាសន៍​ថា «ការ​រើសអើង​ពូជសាសន៍​និង​អំពើ​ឃាតកម្ម​គឺ​ជា​រឿង​ដែល​គួរ​តែ​បន្ទោស ហើយ​មិន​ស្មើ​នឹង​អ្វី​ផ្សេង​ទៀត​ដែល​បាន​កើតឡើង​នៅ​ទីក្រុង Charlottestville នោះ​ទេ។ ខ្ញុំ​ជឿ​ថា លោក​ប្រធានាធិបតី​គួរ​តែ​ច្បាស់លាស់​លើ​ចំណុច​នេះ‍»៕