ក្រុមយុទ្ធនាការ​បោះឆ្នោត​របស់​លោកTrump ប្តឹង​ស្រុក​ទី៣​ក្នុង​រដ្ឋ Iowa ចំពោះ​រឿង​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍

រូបឯកសារ៖ អ្នកស្រី Barb Kearney-Schupp ដាក់​សន្លឹកឆ្នោត​​បោះ​​​​តាម​ប្រៃសណីយ៍​របស់​អ្នកស្រី​នៅក្នុង​ប្រអប់​ប្រៃសណីយ៍មួយ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុង​ទីក្រុងSeattle រដ្ឋ Washington។

ក្រុមយុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ត្រាំ​និង​គណបក្ស​សាធារណរដ្ឋ​​ កាល​ពី​សប្តាហ៍មុន​ បាន​ដាក់​ពាក្យ​ប្តឹង​ដូច​គ្នា​នេះ​​ ប្រឆាំង​មន្ត្រី​បោះ​ឆ្នោត​ក្នុង​​ស្រុក​ពីរ​ទៀត គឺ​ស្រុក​​ Linn និង​ស្រុក​ Johnson ក្នុង​រដ្ឋ Iowa នេះ​ផងដែរ។​

ក្រុម​យុទ្ធនាការ​បោះ​ឆ្នោត​អាណត្តិ​ទី​២របស់​លោក​ប្រធានាធិបតី​ Donald Trump ​ និងក្រុម​គណបក្ស​សាធារណរដ្ឋ​ បាន​ប្តឹង​ស្រុកទី​៣​ថែម​ទៀតរបស់​រដ្ឋ Iowa ​ដើម្បី​ធ្វើ​មោឃភាព​ពាក្យ​ស្នើ​សុំរាប់​ពាន់​ពី​អ្នក​បោះឆ្នោត​ដែល​ដាក់​ពាក្យ​សុំសន្លឹកឆ្នោត​ប្រភេទ​អវត្តមាន (absentee ballots) ដើម្បី​មិន​ទៅបោះឆ្នោត​ដោយ​ផ្ទាល់។​

ពាក្យ​ប្តឹងប្រឆាំង​មន្ត្រី​បោះ​ឆ្នោត​ក្នុង​ស្រុក​ Woodbury នឹង​ពង្រីក​នូវ​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ ដើម្បីធ្វើ​ឲ្យ​មាន​ការ​លំបាក​ថែម​ទៀត​ដល់​អ្នក​បោះ​ឆ្នោត​ និង​មន្ត្រី​បោះ​ឆ្នោត​ក្នុង​មូលដ្ឋាន​ ក្នុង​ការ​ចាត់​ចែង​សំណើ​សុំ​សន្លឹក​ឆ្នោត​បោះតាម​ប្រៃសណីយ៍​ ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩នេះ។​

ក្រុមយុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ត្រាំ​និង​គណបក្ស​សាធារណរដ្ឋ កាល​ពី​សប្តាហ៍មុន​ បាន​ដាក់​ពាក្យ​ប្តឹង​ដូច​គ្នា​នេះ ប្រឆាំង​មន្ត្រី​បោះ​ឆ្នោត​ក្នុងស្រុក​ពីរ​ទៀត គឺ​ស្រុក Linn និង​ស្រុក​ Johnson ក្នុង​រដ្ឋ Iowa នេះ​ផងដែរ។​

បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​ប្តឹង​ជំទាស់នេះ ត្រង់​ថា ​ស្រុកទាំង​៣ បាន​ផ្ញើ​ឲ្យ​អ្នកបោះ​ឆ្នោតដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយនោះ ​នូវ​ពាក្យ​សុំ​ដែល​មាន​បំពេញ​រួច​ហើយ​នូវ​ព័ត៌មាន ​ដូច​ជា​ឈ្មោះ​ ថ្ងៃខែ​ឆ្នាំ​កំណើត និង​លេខ​កូដសម្ងាត់​សម្រាប់​បោះ​ឆ្នោត។

ពាក្យ​បណ្តឹង​បាន​ចោទ​ថា ការ​ដែល​មន្ត្រី​បោះឆ្នោត​ស្រុក​បំពេញ​ព័ត៌មាន​អ្នក​បោះឆ្នោត​ជា​មុន​នៅ​ក្នុង​ពាក្យ​សុំ​នោះ ​គឺ​ផ្ទុយ​នឹង​បទ​បញ្ជា​របស់​រដ្ឋលេខាធិការរ​ដ្ឋ Iowa ផ្ញើ​ពាក្យ​សុំ​ទទេ​ទៅ​អ្នក​បោះឆ្នោត​នៅ​ទូទាំង​រដ្ឋ។ ប៉ុន្តែ មន្ត្រី​បោះឆ្នោត​ស្រុក​ថា ពួក​គេ​ធ្វើ​តាម​សមត្ថកិច្ច​របស់​ពួក​គេ ​ដើម្បី​លើក​ទឹក​ចិត្ត​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​ ក្នុង​អំឡុង​មាន​ជំងឺ​រាតត្បាត ព្រោះ​អ្នក​បោះឆ្នោតខ្លះ​ ​មិន​ចាំ​លេខ​របស់​ពួក​គេ ​ហើយ​នឹង​មិន​អាច​បោះឆ្នោត​បាន។​

អ្នកបោះ​ឆ្នោតគ្រាន់​តែ​ផ្ទៀងផ្ទាត់ព័ត៌មាន​ក្នុង​ពាក្យ​ស្នើ​សុំ​នោះ​ និងចុះ​ហត្ថលេខា​របស់​ខ្លួន ហើយ​ផ្ញើពាក្យសុំ​នោះ​ទៅ​មន្ត្រី​បោះ​ឆ្នោត​វិញ​ ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​៥​តុលា​ ត​ទៅ។ មាន​ពលរដ្ឋ​ជាង​៧ម៉ឺននាក់​ក្នុង​ស្រុក​ទាំង​៣ ក្នុង​រដ្ឋ ​Iowa ដែល​បាន​ដាក់​ពាក្ស​ស្នើសុំ​សន្លឹក​ឆ្នោតប្រភេទ​អវត្តមាន​របស់​ពួក​គេ៕