យុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតស៊ូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តប្តឹងតវ៉ាដល់ការរាប់សន្លឹកឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាមិនបានជោគជ័យចំនួនពីរដង នៅក្នុងរដ្ឋដែលមានជម្លោះសំខាន់ៗពីរ ដើម្បីឈ្នះការបោះឆ្នោតក៏ដោយ។
នៅក្នុងរដ្ឋ Nevada ដែលជារដ្ឋលម្អៀងទៅរកគណបក្សប្រជាធិបតេយ្យ ដែលបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានរក្សាការនាំមុខលោក Trump បន្តិច នៅក្នុងការរាប់សន្លឹកឆ្នោតនោះ យុទ្ធនាការឃោសនាការបោះឆ្នោតរបស់លោក Trump និងគណបក្សសាធារណរដ្ឋរបស់រដ្ឋនោះ បានប្រកាសការប្តឹងផ្តល់ ដោយអះអាងថា មានអ្នកចំនួនយ៉ាងតិច ១ ម៉ឺននាក់ ដែលមិនមែនជាអ្នករស់នៅក្នុងរដ្ឋនោះ បានបោះឆ្នោតដោយខុសច្បាប់ នៅក្នុងរដ្ឋ Nevada ហើយថា សន្លឹកឆ្នោតរបស់អ្នកទាំងនោះបានត្រូវគេរាប់។
លោក Richard Grenell អតីតនាយកស៊ើបការណ៍សម្ងាត់ស្តីទីរបស់លោកប្រធានាធិបតី Trump បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងទីក្រុង Las Vegas ថា៖ «វាជាការមិនអាចទទួលយកបាននៅក្នុងប្រទេសនេះដែលមានសន្លឹកឆ្នោតខុសច្បាប់ ត្រូវបានរាប់នោះ ហើយនេះជាអ្វីដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋ Nevada»។
លោក Joe Gloria អ្នកកាន់បញ្ជីឈ្មោះបោះឆ្នោតនៅស្រុក Clark រដ្ឋ Nevada បានច្រានចោលការចោទប្រកាន់នេះ។
លោក Gloria បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងអំឡុងនៃសន្និសីទកាសែតថា៖ «ការឆ្លើយតបរបស់ខ្ញុំគឺថា យើងមិនបានដឹងពីសន្លឹកឆ្នោតមិនត្រឹមត្រូវណាមួយ ដែលកំពុងរាប់នោះទេ»។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានដាក់ពាក្យបណ្តឹងដើម្បីបញ្ឈប់ជាបណ្តោះអាសន្ននូវការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់ដល់ក្តីសង្ឃឹមសម្រាប់ការជាប់ឆ្នោតរបស់លោកប្រធានាធិបតីមួយអាណត្តិទៀត ដោយរង់ចាំរហូតទាល់តែក្រុមអ្នកសង្កេតការណ៍ ទទួលបានការអនុញ្ញាតឲ្យចូលពិនិត្យការរាប់សន្លឹកឆ្នោតរួច។
ទោះជាមានការចាញ់ក្តីនៅក្នុងរដ្ឋខ្លះក៏ដោយ ក៏យុទ្ធនាការរបស់លោក Trump បានឈ្នះក្នុងបណ្តឹងតូចមួយក្នុងរដ្ឋ Pennsylvania ដែលនៅទីនោះ ចៅក្រមឧទ្ទរណ៍ម្នាក់ បានបញ្ជាឲ្យមានការអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍របស់គណបក្សសាធារណរដ្ឋ ចូលមើលការរាប់សន្លឹកឆ្នោតដោយរក្សាគម្លាតពីគ្នាចំនួន ២ ម៉ែត្រ៕