ប្រធានយុទ្ធនាការរកសម្លេងឆ្នោតរបស់លោក Trump គឺលោក Paul Manafort បានលាចេញពីតំណែងហើយ នេះបើតាមសេចក្តីប្រកាសមួយរបស់យុទ្ធនាការលោក Trump នៅថ្ងៃសុក្រនេះ។
តួនាទីរបស់លោក Manafort ត្រូវបានកាត់បន្ថយនៅសប្តាហ៍នេះ នៅពេលដែលលោក Trump បានជួលអគ្គនាយកប្រតិបត្តិថ្មីម្នាក់ និង ប្រធានយុទ្ធនាការម្នាក់ ដើម្បីព្យាយាមលើកស្ទួយការគាំទ្រលោក Trump ក្នុងការស្ទង់មតិ ដែលបានធ្លាក់ចុះ ហើយដែលបានធ្វើឲ្យក្រុមមេដឹកនាំគណបក្សសាធារណរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង។
លោក Manafort ក៏ធ្លាប់ត្រូវបានគេរាយការណ៍ជាច្រើនអំពីការដែលលោកធ្លាប់បានធ្វើការជូនអតីតប្រធានាធិបតីអ៊ុយក្រែន ដែលគាំទ្រប្រទេសរុស្ស៊ី គឺលោក Victor Yanukovich ហើយមានការចោទប្រកាន់ថា លោកបានជាប់ពាក់ព័ន្ធនឹងការផ្តល់ប្រាក់រាប់លានដុល្លារដោយសម្ងាត់។
លោក Manafort បានបដិសេធថាលោកមិនបានទទួលប្រាក់សុទ្ធក្រោមតុអ្វីទាល់តែសោះ៕