លោក ត្រាំ ហៅ​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​រុស្ស៊ី​របស់​លោក Mueller ថា «ធ្វើ​ឲ្យ​ខូច​កិត្តិយស​ជាតិ‍»

លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ ស្តាប់​សំណួរ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន Reuters នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​វាយប្រហារ​ការ​ស៊ើបអង្កេត​របស់​រដ្ឋ​អាជ្ញា​ពិសេស លោក Robert Mueller ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ថា​ជា​ «ការ​ធ្វើ​ឲ្យខូច​កិត្តិយស​ជាតិ‍»។

មេដឹកនាំ​សហរដ្ឋអាមេរិក​រូប​នេះ បាន​ចាប់​ផ្ដើម​ការងារ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដោយ​និយាយ​វាយប្រហារ​ការ​ស៊ើបអង្កេត​របស់​លោក Mueller ដោយ​ត្អូញត្អែរ​ថា លោក​រដ្ឋអាជ្ញា​រូប​នេះ «គឺ​គ្រាន់​តែ​ជា​បុគ្គល​ម្នាក់​ដែល​ចង់​មាន​បញ្ហា‍» ខណៈ​ដែល​លោក​ស៊ើបអង្កេត​លើ​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ដែល​ពាក់ព័ន្ធ​នឹង​រុស្ស៊ី ទៅ​លើ​ថា​តើ​លោក ត្រាំ ក្នុង​នាម​ជា​ប្រធានាធិបតី បាន​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​តាមរយៈ​ការ​ព្យាយាម​មិន​ឲ្យ​ការ​សាកសួរ​បាន​សម្រេច​ដែរ​ឬ​យ៉ាង​ណា។ ​

លោក ត្រាំ បាន​ពណ៌នា​លោក Mueller ថា «ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​និង​គ្មាន​គុណសម្បត្តិ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន‍» និង​បាន​និយាយ​ថា «ក្រុម​របស់​លោក​ទាំង​មូល​ដែល​មាន​ពួក​ប្រជាធិបតេយ្យ​ដែល​ខឹង​សម្បារ‍» បាន​សម្ភាសន៍​លោក Donald McGahn ដែល​ជា​ទីប្រឹក្សា​សេតវិមាន អស់​រយៈពេល​៣០​ម៉ោង ដោយសារ​តែ​មាន​ការ​អនុញ្ញាត​ពី​លោក សម្រាប់​គោលបំណង​តម្លាភាព។ ​

បណ្ដាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា លោក​ ត្រាំ និង​មេធាវី​របស់​លោក​មិន​ដឹង​អំពី​ទំហំ​ការងារ​ទាំងមូល​នៃ​អ្វី​ដែល​លោក McGahn បាន​ប្រាប់​ដល់​ក្រុមការងារ​របស់​អ្នក​ស៊ើបអង្កេត​លោក Mueller ទេ៕