លោក Trump អំពាវនាវ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​របស់​សមាជិក​សភា

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​ស្នើ​ឲ្យ​មាន​ការ​កំណត់​ចំពោះ​អាណត្តិ​របស់​សមាជិក​សភា ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ចម្រុះ​របស់​លោក ដើម្បី​កែទម្រង់​នយោបាយ​អាមេរិក។

លោក Trump បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​រដ្ឋ Colorado កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ពេលវេលា​ឲ្យ​មាន​ការ​កំណត់​ចំពោះ​អាណត្តិ​របស់​សមាជិក​សភា​បាន​មក​ដល់​ហើយ។ វិធានការ​នេះ​មិន​ត្រឹមតែ​បញ្ចប់​នូវ​អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​បញ្ចប់​នូវ​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ដែល​យើង​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​ផង​ដែរ»។

បើ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​អាច​កាន់​អំណាច​បាន​តែ​ពីរ​អាណត្តិ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​មាន​ការ​កំណត់​ដូច​នេះ​ចំពោះ​អាណត្តិ​របស់​សមាជិក​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយ​គេ​ឃើញ សមាជិក​សភា​ភាគ​ច្រើន​នៅ​កាន់​តំណែង​ក្នុង​រយៈពេល​ច្រើន​អាណត្តិ​បន្តបន្ទាប់​គ្នា។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១២ សមាជិក​សភា​ច្រើន​ជាង ៩០ ភាគរយ ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជ្រើស​តាំង​ឡើង​វិញ។

កំណែ​ទម្រង់​ផ្សេងៗ​ទៀត​ដែល​ស្នើ​ឡើង​ដោយ​លោក Trump មាន​ដូចជា ការ​ហាម​ឃាត់​អតីត​សមាជិក​សភា បុគ្គលិក​របស់​សមាជិក​សភា​ទាំង​នោះ និង​អ្នក​ដែល​ធ្លាប់​បាន​បម្រើការ​នៅ​ក្នុង​អំណាច​នីតិ​បញ្ញត្តិ​នៃ​ជួរ​រដ្ឋាភិបាល មិន​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការ​កែប្រែ​គោល​នយោបាយ​ក្នុង​រយៈពេល ៥ ឆ្នាំ និង​ហាម​ឃាត់​ពេញ​មួយ​ជីវិត​ចំពោះ​អ្នក​បញ្ចុះបញ្ចូល​ជន​បរទេស ដែល​រៃ​អង្គាស​ថវិកា​សម្រាប់​បេក្ខជន​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕