ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានបង្ហាញខ្លួននៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីទាក់ទាញការគាំទ្រនៅមុនការបោះឆ្នោតចូលមកដល់នៅថ្ងៃអង្គារស្អែក។
លោក Trump បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុក Macomb រដ្ឋ Michigan ដែលជារដ្ឋដែលលោកបានឈ្នះដោយមិនរំពឹងទុកនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦។
នៅរដ្ឋ Michigan លោក Trump បានហៅការបិទសកម្មភាពសង្គមនៅទ្វីបអឺរ៉ុបថាជាវិធានការ «តឹងតែងជ្រុលហួសហេតុ» ហើយបានបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់លោកនៅក្នុងការរក្សាការបើកចំហសេដ្ឋកិច្ច។
ចំណែកឯលោក Biden វិញ នៅក្នុងការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យម្សិលមិញ បានរិះគន់វិធានការរបស់រដ្ឋបាលលោក Trump ចំពោះជំងឺកូវីដ១៩ ដោយលោកនិយាយសំដៅលើលោក Trump ថាជា «វីរុស»។
បន្ទាប់មក លោក Biden បានបញ្ចេញមតិលើសេចក្តីរាយការណ៍របស់ក្រុមហ៊ុនព័ត៌មាន Axios ថា លោក Trump បានប្រាប់មនុស្សជំនិតរបស់លោកថា លោកនឹងប្រកាសជ័យជម្នះនៅយប់ថ្ងៃបោះឆ្នោត ទោះបីជាលទ្ធផលនៃអង្គបោះឆ្នោតនៅមិនទាន់ដឹងច្បាស់ក៏ដោយ។
លោក Biden និយាយដូច្នេះថា៖ «លោកប្រធានាធិបតី Trump នឹងមិនអាចលួចការបោះឆ្នោតនេះបានទេ»។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា សេចក្តីរាយការណ៍របស់ Axios នោះជាការមិនពិត ប៉ុន្តែលោកបានលើកឡើងថា វាជា «រឿងអាក្រក់» ដែលសន្លឹកឆ្នោតអាចនឹងត្រូវគេរាប់នៅក្រោយថ្ងៃបោះឆ្នោតនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕